(វ៉ាស៉ីនតោន)៖ រដ្ឋបាល​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រ​សប្តាហ៍នេះ បានប្រកាសថា នឹងធ្វើការដាក់ទណ្ឌកម្ម​​ទាំងអស់ឡើងវិញលើ​ប្រទេសអ៉ីរ៉ង់ បន្ទាប់មានពីមាន​ការលើកលែង នៅក្រោម​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៉ីរ៉ង់​ឆ្នាំ២០១៥។ នេះបើតាម​​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានចិន CGTN នៅព្រឹក​ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

សេតវិមាន​បានចេញ​សេចក្តីថ្លែងការណ៍ថា ទណ្ឌកម្មទាំងអស់​នោះ​នឹងចូលជាធរមាន​នៅថ្ងៃចន្ទដើម​សប្តាហ៍ក្រោយ ​ហើយមាន​គោលដៅទៅ​លើវិស័យសំខាន់ៗ​របស់អ៉ីរ៉ង់ រួមមានដូចជា​វិស័យថាមពល ការដឹកជញ្ជូន​តាមផ្លូវសមុទ្រ ការសាងសង់​នាវា និង​វិស័យហិរញ្ញវត្ថុ​ជាដើម។ ​បើតាមសេចក្តីថ្លែងការណ៍​ដដែល បុគ្គល អង្គភាព កប៉ាល់ និង​យន្តហោះ​ជាង ៧០០ គ្រឿង-នាក់ នឹងវិលត្រឡប់​ចូល​ទៅក្នុងបញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិកវិញ ដោយរួមមាន​ទាំង​ធនាគារ ក្រុមហ៊ុននាំចេញ និងក្រុមហ៊ុនដឹក​ជញ្ជូនធំៗ​​របស់អ៉ីរ៉ង់​។

គួរជម្រាបថា ឆ្លើយតបចំពោះសេចក្តីប្រកាសនេះ រដ្ឋាភិបាល​ទីក្រុងតេហេរ៉ង់​បាននិយាយថា ​ប្រទេសអ៉ីរ៉ង់ពុំមាន​​ការ​ព្រួយបារម្ភ​ជុំវិញកញ្ចប់​ទណ្ឌកម្ម​របស់អាមេរិក​ឡើយ៕