(​វ៉ាស៊ីនតោន)៖ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន សាល់ម៉ាន់ ធ្លាប់បានប្រាប់​សហរដ្ឋអាមេរិកថា លោក ចាលម៉ាល់ ខាសហូកជី (Jamal Khashoggi) គឺជាមនុស្សដ៏​មានគ្រោះថ្នាក់ ហើយការ​និយាយបែបនេះ​ ធ្វើឡើងតែមួយសប្ដាហ៍​ប៉ុណ្ណោះបន្ទាប់ពី អ្នកកាសែត​រូបនេះបានបាត់ខ្លួន​ ក្រោយចូលស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំប្រទេស​តួកគី។ នេះបើតាម​កាសែត Washington Post ដកស្រង់​ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាម Washington Post ក្នុងអំឡុងកិច្ច​សន្ទនាតាមទូរស័ព្ទ​ កាលពីថ្ងៃទី០៩ ខែតុលា ជាមួយកូនប្រសារ​ប្រុសប្រធានាធិបតី​អាមេរិកគឺ​លោក ហ្សារ៉េដ ឃូស្នឺ (Jared Kushner) ​និងទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) ព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន់ បាន​អះអាងថា លោក Khashoggi គឺជាមនុស្សមួយ​ដ៏មានគ្រោះថ្នាក់ និងជាសមាជិក​មួយរូបនៃ​អង្គការ Muslim Brotherhood។

មិនតែប៉ុណ្ណោះនៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទនោះ ព្រះអង្គមា្ចស់រាជទាយាទ ក៏បានទទូចឱ្យ​សេតវិមាន ជួយការពារ​សម្ព័ន្ធភាពរវាង​សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត​ផងដែរ។ ក៏ប៉ុន្តែ​នៅក្នុងសេចក្ដីថ្លែងការណ៍​មួយ​ផ្ញើជូន Washington Post ក្រុម​គ្រួសារ លោក Khashoggi បានបដិសេធថា គាត់មិនមែន​ជាសមាជិក​អង្គការ Muslim Brotherhood នោះទេ ហើយថា​អ្នកកាសែត​រូបនេះផ្ទាល់ ក៏​បានធ្លាប់បានបដិសេធ​ជាច្រើនឆ្នាំមក​ហើយដែរ។

គួរជម្រាបថា លោក Jamal Khashoggi ដែលជាអ្នក​សារព័ត៌មាន​មកពីកាសែត Washington Post និងជាអ្នករិះគន់​ម្នាក់លើ គោលនយោបាយ​ដឹកនាំរបស់ព្រះអង្គ​ម្ចាស់ ប៊ិន សាល់ម៉ាន់ បានបាត់ខ្លួនក្រោយ​ចូល​ស្ថានកុងស៊ុល ប្រចាំទីក្រុង​អ៊ីស្ដង់ប៊ូល
ប្រទេសតួកគី កាលពី​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។ ម្យ៉ាងវិញទៀត បើទោះជា​ទីក្រុងរីយ៉ាដ​ទទួលស្គាល់ថា អ្នកការសែតរូបនេះ​ត្រូវគេសម្លាប់​ក៏ដោយ ក៏មកទល់នឹងពេលនេះ​សាកសពរបស់លោក​ មិនទាន់ត្រូវបានគេ​រកឃើញនៅ​ឡើយទេ ខណៈបណ្ដា​ប្រទេសលោក​ខាងលិច រួមទាំងសហរដ្ឋអាមេរិក​បានព្រមានថា នឹងដាក់ទណ្ឌកម្ម បើសិនជា​អារ៉ាប៊ីសាអូឌីត មាន​ជាប់ពាក់ព័ន្ធនឹង​អំពើឃាតកម្ម​នេះ៕