(ម៉ានីល)៖ អាជ្ញាធរតាមដាន​អាកាសធាតុហ្វីលីពីន​បានព្យាករណ៍ថា ប្រទេសហ្វីលីពីន អាចនឹងទទួលរង​ការវាយប្រហារ ដោយព្យុះទីហ្វុងមួយ ឬពីរទៀត​ក្នុង​ខែ​វិច្ឆិកានេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

បើតាមអ្នកជំនាញ​ផ្នែកឧតុនិយមហ្វីលីពីន ជាទូទៅនាអំឡុងពេល​ចុងឆ្នាំបែបនេះ ព្យុះទីហ្វុងភាគច្រើន​តែងវាយលុកលើ​តំបន់​ភាគ​កណ្តាល​ និងភាគ​ខាងត្បូងប្រទេសហ្វីលីពីន ហើយពួកវានឹងវិវត្តន៍​ខ្លួនឡើងនៅលើមហាសមុទ្រ​ប៉ាស៉ីហ្វិក ឬនៅក្នុងដែន​សមុទ្រ​នៃ​ប្រទេសហ្វីលីពីន​តែម្តង។

គួរជម្រាបថា ថ្មីៗនេះ​ព្យុះទីហ្វុង​ឈ្មោះថា យូទូ (Yutu) ដែលបានសម្លាប់​ជីវិតមនុស្ស​យ៉ាងតិច ១៥នាក់ និងធ្វើឲ្យជាច្រើន​នាក់ទៀតបាត់ខ្លួន​នោះ ទើបតែបានចាកចេញ​ពីទឹកដីហ្វីលីពីន​ កាលពីថ្ងៃពុធ​សប្តាហ៍មុន​ប៉ុណ្ណោះ។ បើតាមអ្នក​ជំនាញ​ ហ្វីលីពីនតែងទទួលរងគ្រោះ​ពី​​ព្យុះទីហ្វុង​កម្រិតធ្ងន់ នាអំឡុងត្រីមាស​ចុងក្រោយជារៀង​រាល់ឆ្នាំ។ ព្យុះទីហ្វុង Yutu គឺជាព្យុះ​ទីហ្វុងទី ១៨ ដែលបានវាយប្រហារ​​លើ​​ហ្វីលីពីន​ក្នុងឆ្នាំ២០១៨ ខណៈប្រទេស​អាស៊ាននេះ ជាធម្មតារង​ការវាយលុក​ពីព្យុះទីហ្វុង​ជាមធ្យមចំនួន ២០ ពីមួយឆ្នាំ​ទៅមួយឆ្នាំ៕