(ប្រេស៉ីឡា)៖ ប្រធានាធិបតីទើបជាប់ឆ្នោតប្រេស៉ីល លោក ហ៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានឲ្យដឹងថា រូបលោកមានបំណង​ចង់​​រើ​ស្ថានទូតប្រេស៉ីល​នៅឯទីក្រុង​តែលអាវីវ ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹម​វិញ ដើម្បីបំពេញពាក្យ​សន្យារបស់លោក កាលពីអំឡុងយុទ្ធ​នា​ការ​ឃោសនា​បោះឆ្នោត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Bolsonaro បានលើក​ឡើងថា «អ៉ីស្រាអែលគឺ​ជារដ្ឋអធិបតេយ្យមួយ ហើយយើងត្រូវតែ​គោរពរឿងនេះ»។ បើយ៉ាងដូច្នេះមែន ប្រេស៉ីលនឹង​ក្លាយជាប្រទេសទីបី​ហើយ បន្ទាប់ពីសហរដ្ឋអាមេរិក និងហ្គាតេម៉ាឡា ដែលសម្រេច​ផ្លាស់ប្តូរ​ស្ថានទូត​របស់ខ្លួន ទៅកាន់​ហ្សេរុយសាឡឹម។

គួរជម្រាបថា កាលពី​ខែឧសភាកន្លងទៅ អាមេរិកបានបើក​សម្ពោធស្ថានទូតរបស់ខ្លួន​នៅហ្សេរុយសាឡឹម ហើយ​ហ្គាតេម៉ាឡា​​​ក៏បាន​ធ្វើ​ដូច​គ្នា​​ផងដែរ។ រហូតមកទល់​ពេលតំបន់ភាគខាងកើត​ហ្សេរុយសាឡឹម នៅតែជាដែនដី​ជម្លោះរវាង​អ៉ីស្រាអែល និង​ប៉ាឡេ​ស្ទីន​​​។ ប៉ាឡេស្ទីន​បានទាមទារ​​ភាគខាងកើត​ហ្សេរុយសាឡឹម ដែលត្រូវអ៉ីស្រាអែល​ដណ្តើមកាន់កាប់​បានក្នុងសង្រ្គាមរយៈពេល​ ០៦​ថ្ងៃ កាល​​ពី​ឆ្នាំ១៩៦៧ ធ្វើជា​រដ្ឋធានី​នៃរដ្ឋរបស់ខ្លួន ខណៈអ៉ីស្រាអែលវិញ​បានទាមទារចង់​ក្តោបក្តាប់យក​ទីក្រុងនេះ​ទាំងមូល៕

នេះគឺជាលើកទីមួយចាប់តាំងតែពីការជាប់ឆ្នោត ដែលលោក Bolsonaro បានប្រកាសពីគម្រោង​ផ្លាស់ប្តូរទីតាំងស្ថានទូតប្រេស៉ីល​នៅ​អ៉ីស្រាអែល ហើយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឆ្លើយតប​ជាមួយ​ការ​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងនេះ៕