​(ហ្សាការតា)៖ គណៈកម្មាធិការជាតិ​សុវត្ថិភាពដឹកជញ្ជូន​ឥណ្ឌូណេស៊ី (KNKT) បានជួបពិភាក្សា​ការងារក្នុងកិច្ចប្រជុំបិទទ្វារ​ ជាមួយអ្នកតំណាងមកពីក្រុមហ៊ុន​ផលិត​យន្ដហោះ​អាមេរិក Boeing និងក្រុមមន្ត្រី​អាមេរិកមកពី​ គណៈកម្មាធិការសុវត្ថិភាព​ដឹកជញ្ជូនជាតិ​អាមេរិក (NTSB) ពាក់ព័ន្ធសោកនាដកម្ម​ធ្លាក់​យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន​អាកាសចរណ៍ Lion Air។ នេះបើតាម​លោក ស៊ឺចាន់តូ ធីចាចូណូ (Soerjanto Tjahjono) ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នក​សារព័ត៌មាននៅ​ថ្ងៃព្រហស្បតិ៍នេះ ប្រធាន KNKT លោក Soerjanto Tjahjono បាននិយាយថា ក្រុមមន្ត្រី​មកពី Boeing និង NTSB បានប្ដេជ្ញាចិត្ត​ផ្ដល់ជំនួយ និងគាំទ្រដល់អាជ្ញាធរ​ឥណ្ឌូណេស៊ី ក្នុងការស៊ើបអង្កេត​លើករណីធ្លាក់​យន្ដហោះ Boeing 737 Max 8។ លោក Tjahjono បន្ថែមថា ក្រុមមន្ត្រីសរុប​ទាំងអស់ ១៦នាក់ មកពី Boeing និង NTSB បានជួបពិភាក្សា​​ការងារនៅក្នុងការិយាល័យរបស់លោក នៅថ្ងៃព្រហស្បតិ៍នេះ​តែម្ដង។

គួរជម្រាបថា អាជ្ញាធរ​ឥណ្ឌូណេស៉ី​​នាថ្ងៃព្រហស្បតិ៍នេះ​​បានរកឃើញ​ និងស្រង់យក​ប្រអប់​ខ្មៅមួយ​ ក្នុងចំណោម​ប្រអប់ខ្មៅ​ទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់យន្តហោះ​​អាកាសចរណ៍​ក្នុងស្រុក Lion Air ដែលបានធ្លាក់​ចូលក្នុង​សមុទ្រ កាលពីថ្ងៃចន្ទដើម​​​​សប្តាហ៍នេះ​ជាមួយ​មនុស្ស ១៨៩នាក់ នោះហើយ។

ប្រតិបត្តិកា​ររុករក​បានឈាន ចូល​ដល់ថ្ងៃទី ៤ ប្រអប់ខ្មៅខាងលើ​ត្រូវបានរកឃើញ និងស្រង់ចេញពី​ផ្ទៃ​សមុទ្រ​​នា​​វេលា​ម៉ោង​ ១០៖១៥នាទី​ព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ដែល​​យន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅ​ឡើយទេថា ជាប្រអប់ខ្មៅផ្ទុកទិន្នន័យ​​ហោះ​ហើរ ដែលគេ​ហៅថា Flight Data Recorder ឬក៏ប្រអប់ខ្មៅ​ផ្ទុកសំឡេង ដែលគេ​ហៅថា Cockpit Voice Recorder ។

យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះ​​ហើរ​លេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុង​នោះ​រួម​មាន​​​មនុស្សធំ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់​ផ្សេងទៀត បាន​បាត់​ចេញ​ពី​​ប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរ​ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang) កោះ​បាងកា​ (Bangka) របស់ឥណ្ឌូណេស៊ី៕