(ប៉ារីស)៖ អតីតប្រធានាធិបតី​បារាំង​លោក នីកូឡាស សាកូស៊ី (Nicolas Sarkozy) បានក្រើនរំលឹកប្រធានាធិបតី​បច្ចុប្បន្ន លោក អែមម៉ានុយអែល ម៉ាក្រុង ឱ្យមានប្រុងប្រយ័ត្ន​ចំពោះអំណាចសព្វថ្ងៃ​នៅក្នុងដៃរបស់​លោក ដ្បិតលោកយល់ថា អំណាចគឺជាភាពគ្រោះ​ថ្នាក់ធំបំផុត ហើយ វាអាចនឹងក្លាយជាថ្នាំញៀន​អំណាចនៅថ្ងៃ​ណាមួយ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Le Figaro នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការកត់សម្គាល់ខាង​លើរបស់លោក Sarkozy ធ្វើឡើងនៅក្នុងបទ​សម្ភាសន៍ដ៏វែង​មួយ ជាមួយនឹងសារព័ត៌មាន​បារាំង លឺព័ង (Le Point) នៅថ្ងៃអង្គារសប្ដាហ៍​នេះ។ ថ្លែងនា​ឱកាសនោះ​លោក Sarkozy បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនមែន​ស្ថិតនៅ​ក្នុងសមរភូមិនយោបាយ​ទៀតទេ ហើយខ្ញុំក៏មិន​ចង់បានអំណាច ដើម្បីបន្តជីវិត​ទៀតនោះដែរ... ព្រោះខ្ញុំយល់​យ៉ាងច្បាស់ថា វាមានភាពលំបាក ប៉ុន្មានដើម្បីធ្វើលទ្ធផល​បោះឆ្នោតចេញមកតាម​ការរំពឹងទុក... ដូច្នេះប្រជាជន​បារាំងគួរតែទុកពេល​វេលាឱ្យគាត់ (លោក ម៉ាក្រុង) ហើយខ្ញុំប្រាថ្នា​ចង់បានតែអ្វីល្អសម្រាប់​ប្រទេស​បារាំង»

ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ នៅពេលត្រូវបាន​អ្នកសារព័ត៌មាន Le Point សួរពាក់ព័ន្ធនឹង​ទស្សនវិស័យនយោបាយ​របស់លោក អតីត ប្រធានាធិបតីបារាំងរូបនេះ បានក្រើនរំឭកលោក ម៉ាក្រុងថាអំណាចគឺមានគ្រោះថ្នាក់ ហើយថា វាអាចនឹងក្លាយជាថ្នាំ​ញៀនអំណាច​នៅថ្ងៃណាមួយ។

គួរបញ្ជាក់ថា បទសម្ភាសន៍​របស់លោក Nicolas Sarkozy ធ្វើឡើងនៅក្នុងបរិបទ​ប្រធានាធិបតីបារាំង​រូបនេះ កំពុងជាប់​ក្ដីក្ដាំក្នុង​សំណុំរឿងហិរញ្ញវត្ថុ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០១២ និងការចោទប្រកាន់ថា បានទទួលប្រាក់រាប់លានអឺរ៉ូ ពីអតីតមេដឹកនាំ​លីប៊ី​លោក ហ្កាដាហ្វី ទៅប្រើប្រាស់ក្នុងយុទ្ធនាការឃោសនា​បោះឆ្នោតប្រធានាធិបតីបារាំង កាលពី​ឆ្នាំ២០០៧៕