(ដាម៉ាស់)៖ កងកម្លាំង​ប្រជាធិបតេយ្យស៉ីរី (SDF) គាំទ្រដោយ​សហរដ្ឋអាមេរិក បានសម្រេចផ្អាក​ជាបណ្ដោះអាសន្ននូវ​ ប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុម ISIS នៅភាគខាងកើត​ប្រទេសស៉ីរី ក្រោយទទួលរងការ​វាយប្រហារតាមផ្លូវអាកាស​ជាបន្ត បន្ទាប់ពីយោធា​តួកគី។ នេះបើតាមអង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្សស៊ីរី (SOHR)​ ដកស្រង់​ដោយទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាម SOHR ប្រតិបត្តិការ​យោធាប្រឆាំង​នឹង ISIS របស់កងកម្លាំង​ប្រជាធិបតេយ្យ​ស៉ីរី នៅតាម​តំបន់ទន្លេ អឺប្រាតស៍ (Euphrates) នៃភាគខាងកើត​ប្រទេសស៉ីរី ត្រូវបានផ្អាក​ជាបណ្ដោះអាសន្ន បន្ទាប់ពីពួកគេរង​ការវាយប្រហារពីយោធា​តួកគី។ SOHR បានឱ្យដឹង​ទៀតថា កាលពីថ្ងៃពុធកន្លង​ទៅ​យោធាតួកគី​បានដឹកនាំការវាយប្រហារ​តាមផ្លូវអាកាស​ លើទីតាំងជាច្រើន​កន្លែងរបស់ ក្រុមអ្នកប្រយុទ្ធ​ឃើដដឹកនាំ​ដោយ SDF នៅ​ឯខេត្ត អាយីន អាល់អារ៉ាប់ (Ayn al-Arab), កូបេន (Kobane) រួមទាំងខេត្ត តាល់អាប៊ីយ៉េដ (Tal Abya)d ស្ថិតនៅភាគខាងជើង​ប្រទេសស៉ីរី ដោយផ្ដាច់ជីវិតអ្នក​ប្រយុទ្ធឃើដ ០៤នាក់។

គួរបញ្ជាក់ថា កងកម្លាំង SDF បានដឹកនាំប្រតិបត្តិការ​វាយលុកទ្រង់ទ្រាយ​ប្រឆាំង ISIS​ នៅក្នុងតំបន់​ទន្លេ Euphrates ចាប់តាំង ពីថ្ងៃទី១០ ខែកញ្ញាមកម្លេះ។ ក៏ប៉ុន្តែ ពួកគេមិនអាច​មិនទាន់អាចយកជ័យ​ជម្នះលើពួក ISIS បាននៅឡើយទេ ហើយបែរជា បណ្ដាលឱ្យតំបន់មួយចំនួន ​ធ្លាក់ចូលកណ្ដាប់​ដៃពួកនេះជាថ្មីម្ដងទៀត​ទៅវិញ៕​