(អង់ការ៉ា)៖ មូលនិធិ ម៉ាអារីហ្វ (Maarif Foundation) ដែលត្រូវគេមើលឃើញថា ជាដៃជើង​របស់​ប្រធានាធិបតី​តួកគី​លោក អឺដូហ្គាន់ កំពុង​ព្យាយាមសាប​ព្រួសមនោគមន៍វិជ្ជា​អ៊ីស្លាមជ្រុលនិយម​នៅតំបន់​ឧបទ្វីប បាល់កាន (Balkan) ភាគអាគ្នេយ៍អឺរ៉ុប។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​វែបសាយ stockholmcf.org នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក អឺដូហ្គាន់ បាននិងកំពុងប៉ុនប៉ង​ពង្រឹងឥទ្ធិពល ​នៅតាមប្រទេសមួយចំនួន​នៃតំបន់ Balkan ដើម្បីលើកកម្ពស់​មនោគមន៍វិជ្ជា​សាសនា​របស់ខ្លួន ក្រោមស្លាក​នៃវិស័យអប់រំ តួយ៉ាង​ដូចជាការទិញយក​សាកលវិទ្យាល័យ ទីរ៉ាណញូយ៉ក (New York Tirana) នៅប្រទេសអាល់បានី​ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មូលនិធិ Maarif ដែលទើបបើកសម្ពោធកាលពីខែតុលា ក្រោមវត្តមានរដ្ឋមន្រ្តីការបរទេសតួកគី ដែលជាភ្ញៀវកិត្តិយសពិសេស។

មូលនិធិខាងលើ ត្រូវគេចាត់ទុកថាគឺជា ផ្នែកមួយនៃគម្រោងមហិច្ឆតារបស់​តួកគី ដើម្បីប្រែក្លាយខ្លួន ជាមហាអំណាចដ៏ធំមួយនៅ​លើពិភពលោក។ ចេតនាចម្បង​នៅពីក្រោយ​ការបង្កើតមូលនិធិ Maarif Foundation គឺការសាបព្រោះ​មនោគមន៍វិជ្ជា​អ៊ីស្លាមជ្រុល​និយមរបស់លោក អឺដូហ្គាន់ នៅបរទេស និងបណ្តុះបណ្តាល​មនុស្សជំនាន់ក្រោយ ដោយយោងទៅ​លើមនោគមន៍វិជ្ជា ដែល​ដាក់​ចេញ​​​​ដោយ​ប្រធានាធិបតី​តួកគីរូបនេះ។

គួរជម្រាបថា សព្វថ្ងៃនេះ​មូលនិធិ Maarif មានការិយាល័យតំណាងនៅ​ប្រទេសចំនួន ៣៤ និងគ្រប់គ្រងសាលារៀន​ ១០០កន្លែង នៅ​តាម​ប្រទេសចំនួន ២០។ នៅឯតំបន់ Balkans មូលនិធិនេះ​មានសកម្មភាពខ្លាំងក្លា​នៅឯ អាល់បានី, ម៉ាសេដូន, កូសូវ៉ូ និងបូស្នៀ​-​ហេហ្សេ​ហ្គូវីណា។ មូលនិធិ Maarif គឺជាអាវុធយុទ្ធសាស្រ្ត​មួយរបស់លោក អឺដូហ្គាន់ ដែលបច្ចុប្បន្ន​ទំនងជាលែង​លាក់បាំង​​​​​គម្រោង​មហិច្ឆតា​របស់ខ្លួន ដើម្បីក្លាយជា​អ្នកគ្រប់គ្រងសហគមន៍​អ៊ីស្លាមទាំងមូលទៀត​ហើយ៕