(ឡុងដ៍)៖ លោកស្រី ហាទីស សិនជីស (Hatice Cengiz) ដែលជាគូដណ្តឹងរបស់​លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) បានបង្ហាញការ​ជឿជាក់ថា អារ៉ាប៊ីសា​អូ​ឌីត​​ពិត​ជា​ដឹង​ថា​ សាកសព​របស់អ្នក​កាសែតរូបនេះ​ស្ថិតនៅកន្លែង​ណា។ នេះបើតាមការដក​ស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មាន​រុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។

លោកស្រី Cengiz បានលើក​ឡើងថា លោកស្រីប្រាកដ​ក្នុងចិត្តណាស់ថា រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​ច្បាស់ជាដឹងថា សាកសព​របស់​​គូ​ដណ្តឹងលោកស្រី​ស្ថិតនៅទីណា ហើយពួកគេគួ​​តែឆ្លើយតបការ​ទាមទាររបស់​លោកស្រី ដោយសារតែវាពុំមែន​ត្រឹមជាការ​ទាម​ទារ​របស់គូដណ្តឹង​ម្នាក់ឡើយ ប៉ុន្តែក៏ក្នុងនាមជារបស់​មនុស្ស និង​​ជនម៉ូស្លីមម្នាក់​ផងដែរ។​ លោកស្រី Cengzi ក៏ចង់ឃើញ​ជនដៃដល់​ ដែលបាន​​​​សម្លាប់លោក Khashoggi ព្រមទាំងបុគ្គល​ដែលបញ្ជានៅពី​ក្រោយខ្នង ត្រូវទទួលទោស​តាមច្បាប់ផងដែរ។ លើសពី​នេះ​លោកស្រី Cengzi បាន​បង្ហាញ​​ការ​សោកស្តាយជាខ្លាំង​ ដែល​លោកស្រី​មិនបានចូល​ទៅស្ថានកុងស៊ុល​​អារ៉ាប៊ីសាអូឌីត នៅក្រុង​អ៉ីស្តង់ប៊ុល ប្រទេសតួកគី ជាមួយ​​គូដណ្តឹង​។

គួរជម្រាប​ថា លោក Khashoggi ដែលជាអ្នកកាសែតរិះគន់​លើរបបដឹកនាំ​អារ៉ាប៊ីសាអូឌីត បានបន្តបាត់ខ្លួន​រហូតមកទល់ពេល​នេះ​ ចាប់តាំងតែពីលោក​ត្រូវគេប្រទះឃើញ​ជាលើក​ចុងក្រោយ ដើរចូលទៅ​ក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ​នៅអ៉ីស្តង់ប៊ុល កាលពី​​ថ្ងៃទី០២ ខែតុលា។

ក្រោយផ្ទុះដំណឹងបាត់ខ្លួន​​របស់អ្នកកាសែត​រូបនេះ អារ៉ាប៊ីសាអូឌីត​បានប្រកែកថា មិនដឹងរឿងអ្វីឡើយ​ដោយថា លោក Khashoggi បាន​​ចាកចេញ​ទៅវិញ​ក្រោយពីចូលមក​កាន់ស្ថានកុងស៊ុល​ បានតែប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ បន្ទាប់មកទៀត ទីក្រុងរីយ៉ាដ ក៏បាន​ចេញ​​មុខអះអាងជាថ្មីម្តង​ទៀតថា លោក Khashoggi បានស្លាប់ក្នុង​ស្ថានកុងស៊ុល​មែន ប៉ុន្តែដោយសារតែ​ទំនាស់វាយតប់គ្នា​ជាមួយបុគ្គល​ដទៃទៀត។ ​​រហូតចុង​ក្រោយនេះ អារ៉ាប៊ីសាអូឌីត​បានឆ្លើយទទួល​ស្គាល់ថា លោក Khashoggi ពិតជាត្រូវបាន​គេសម្លាប់​ដោយ​មាន​​​គម្រោងទុកជាមុន។

អារ៉ាប៊ីសាអូឌីត​បានបញ្ជាក់ថា ជនជាតិអារ៉ាប៊ីសាអូឌីត​ចំនួន ១៨នាក់ ត្រូវបាន​ចាប់ខ្លួន ក្រោម​បទ​សង្ស័យថា មានពាក់ព័ន្ធសំណុំរឿង​​ឃាតកម្មនេះ តែពុំមាន​ទាក់ទិនជាមួយព្រះអង្គម្ចាស់​ស្នងរាជ្យឡើយ ហើយជនទាំងនោះ​នឹងត្រូវកាត់ទោស​នៅអារ៉ាប៊ីសាអូឌីត​ផ្ទាល់ ​​ទោះបីទីក្រុង​អង់ការ៉ា បានទាមទារ​ឲ្យបញ្ជូនទៅតួកគី​ក៏ដោយ៕