(ម៉ូស្គូ)៖ កងទ័ពអាមេរិកនិងជប៉ុន​​​បាន ចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ សំដៅធ្វើតេស្តក៏ដូចជាពង្រឹងសមត្ថភាព​ត្រៀម​លក្ខណៈ​ប្រយុទ្ធរួមគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។

កងកម្លាំងនៃយោធាអាមេរិកនិងកងស្វ័យការពារជប៉ុន បានចាប់ផ្តើមសមយុទ្ធ «Keen Sword» នៅតាមមូលដ្ឋានយោធានានា ទូទាំង​ប្រទេសជប៉ុននៅដែនសមុទ្រដែលនៅជុំវិញនោះ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ សមយុទ្ធយោធាទ្វេភាគីនេះ ត្រូវបានបង្កើត​ឡើង​ដើម្បីបង្កើនសមត្ថភាពប្រុងជើងការប្រយុទ្ធ ក៏ដូចជាសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា​ រវាងកងទ័ព​អាមេរិកនិងជប៉ុន ហើយវា​នឹងផ្តល់​ឱកាសឲ្យ​ភាគីទាំងពីរ ធ្វើការហ្វឹកហ្វឺនលើ​ប្រតិបត្តិការតាមផ្លូវអាកាសនិងផ្លូវទឹក ដែលចាំបាច់សម្រាប់ស្ថានការណ៍សន្តិសុខ​នៅក្នុង​តំបន់។

គួរជម្រាបថា សមយុទ្ធយោធាទ្រង់ទ្រាយធំនេះ មានចូលរួមពីសំណាក់កងទ័ព​សរុប​ប្រមាណ១០,០០០នាក់មកពីប្រទេសទាំងពីរ៕