(ហ្សាការតា)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨នេះ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ​នៃប្រទេស​​ឥណ្ឌូណេស៉ី បានធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រក្បែរ កោះជ្វាខាងលិច ខណៈមនុស្សទាំង ១៨៩នាក់នៅលើនោះ ត្រូវអាជ្ញាធរអះអាងថា​ ប្រហែលជាបានបាត់បង់​ជីវិតទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃ​ចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

ក្រោយហេតុការណ៍ធ្លាក់យន្តហោះដ៏ភ្ញាក់ផ្អើលនេះ បំណែកសាកសពមនុស្ស​និង​វត្ថុ​មួយចំនួន ក៏ដូចជាបំណែកយន្តហោះ ត្រូវ​បាន​រក​ឃើញ​ជា​បណ្តើរៗ នៅ​ក្នុង​ផ្ទៃ​សមុទ្រ។ ទន្ទឹមនឹងនេះ អាជ្ញាធរ​​ឥណ្ឌូណេស៊ី​នៅរសៀលនេះ ក៏បានកំណត់ទីតាំង​ប្រអប់ខ្មៅទាំងពីរ​របស់​យន្ដហោះ Boeing 737 MAX 8 នេះ ប៉ុន្តែតួយន្តហោះមិនទាន់ត្រូវបានរកឃើញនៅឡើយទេ ដោយ​ក្រុមអ្នកស្វែងអាចនឹងត្រូវ​ចំណាយពេលយូរថ្ងៃ និង​​មុជទឹក​ក្នុងជម្រៅជ្រៅរហូតដល់ទៅ៣៥ម៉ែត្រ។

យន្ដហោះមានជើង​ហោះ​ហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរពីរដ្ឋ​ធានី​ហ្សាការតា ទៅ​កាន់​ទីក្រុង​​ផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃចង្កោមកោះស៊ូម៉ាត្រាជាមួយ​អ្នក​ដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមាន​មនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់និង​ក្រុម​សហ​សេវិក ០៦នាក់ផ្សេងទៀត។

យន្តហោះខាងលើ បានហោះចេញ​ពីអាកាសយានដ្ឋាន​ទីក្រុងហ្សាការតា នៅម៉ោង ៦៖២០នាទីព្រឹក​ថ្ងៃចន្ទនេះ ហើយគ្រោងនឹងទៅ​ដល់​អាកាសយានដ្ឋាន ដេប៉ាទី អាមឺ (Depati Amir) ក្នុងទីក្រុង Pangkal Pinang ដោយប្រើពេល១ម៉ោង។ ក៏ប៉ុន្តែ យន្ដហោះនេះ​ស្រាប់តែបានបាត់ចេញពីរ៉ាដា និងត្រូវបាន​គេទទួល​ស្គាល់ថា ​បានធ្លាក់ក្រោយហោះ​ឡើងបានតែ ១៣នាទីប៉ុណ្ណោះ។

គួរជម្រាបថា សម្រាប់មូលហេតុនៅពីក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ កំពុងបន្តស្ថិតក្រោមការស៉ើបអង្កេត ខណៈក្រុមគ្រួសារ​សាច់ញាតិនៃមនុស្សជិត១៩០នាក់ ដែលបានធ្វើដំណើរនៅលើយន្តហោះ នៅតែបន្តរង់ចាំដំណឹងទាំងទឹកភ្នែក ទោះបីជាក្តីសង្ឃឹម​ថា​មានមនុស្សនៅរស់នោះសឹងតែស្មើសូន្យក៏ដោយ៕