(ហ្សាការតា)៖ ទីបំផុតទីភ្នាក់ងាររុករកនិងជួយសង្រ្គោះនៃប្រទេសឥណ្ឌូណេស៉ី បានបង្ហើបឲ្យដឹងថា មនុស្សទាំង១៨៩នាក់ធ្វើដំណើរ​នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនាព្រឹកថ្ងៃចន្ទនេះ គឺប្រហែល​ជា​បានបាត់បង់ជីវិតទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

អាជ្ញាធរ​​ឥណ្ឌូណេស៊ី​នៅរសៀលនេះ ក៏បានកំណត់ទីតាំង​ប្រអប់ខ្មៅទាំងពីរ​របស់​យន្ដហោះ Boeing 737 MAX 8 ​នៃអាកាសចរណ៍ Lion Air ផងដែរ ខណៈប្រតិបត្តិការ​ស្វែងរកសាកសពក៏ដូចជាតួយន្តហោះ អាចនឹង​ត្រូវចំណាយពេលយូរថ្ងៃ។

គួរជម្រាបថា យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះ​ហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មាន​គោល​ដៅ​ធ្វើ​ដំណើរ​​ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង​ផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃចង្កោម កោះស៊ូម៉ាត្រា​ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមាន​មនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត៕

យន្តហោះខាងលើ បានហោះចេញ​ពីអាកាសយានដ្ឋាន​ទីក្រុងហ្សាការតា នៅម៉ោង ៦៖២០នាទីព្រឹក​ថ្ងៃចន្ទនេះ ហើយគ្រោងនឹងទៅ​ដល់​អាកាសយានដ្ឋាន ដេប៉ាទី អាមឺ (Depati Amir) ក្នុងទីក្រុង Pangkal Pinang ដោយប្រើពេល១ម៉ោង។ ក៏ប៉ុន្តែ យន្ដហោះនេះ​ស្រាប់តែបានបាត់ចេញពីរ៉ាដា និងត្រូវបាន​គេទទួល​ស្គាល់ថា ​បានធ្លាក់ក្រោយហោះ​ឡើងបានតែ ១៣នាទីប៉ុណ្ណោះ៕