(អ៉ីស្រាអែល)៖ បណ្តាថ្នាក់ដឹកនាំនៅក្នុងប្រទេសអ៉ីស្រាអែល បានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះក្នុង​ករណីវាយប្រហារទៅលើ ព្រះវិហារសាសនាមួយកន្លែងរបស់ជនជាតិជ្វីប នៅឯទីក្រុង Pittsburgh រដ្ឋ Pennsylvania និងបាន​បង្ហាញ​ពីសាមគ្គីភាពចំពោះសហគមន៍​ជនជាតិជ្វីប ដែលរស់នៅក្នុងទីក្រុងរបស់សហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨។

ការចូលរួមរំលែកទុក្ខនេះ ត្រូវបានធ្វើឡើងពីសំណាក់​នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu អម​ជាមួយ​វត្ត​មាន​ប្រធានាធិបតី​ លោក Reuven Rivlin និងប្រធានសភា លោក Yuli-Yoel Edelstein។ សេចក្តីថ្លែងការណ៍រំលែកទុក្ខបានលើកឡើង​ថា​ ថ្នាក់ដឹកនាំ​​អ៉ីស្រាអែល មានទុក្ខក្រៀមក្រំជាខ្លាំង ចំពោះសកម្មភាពវាយប្រហារយ៉ាងអាក្រក់​ទៅលើព្រះវិហារសាសនាជនជាតិជ្វីប នៅទីក្រុង Pittsburgh ហើយអ៉ីស្រាអែលឈរគាំទ្រសហគមន៍​ជ្វីបនៅ Pittsburgh ជានិច្ច។

គួរជម្រាបថា នាថ្ងៃសៅរ៍សប្តាហ៍នេះ ខ្មាន់កាំភ្លើងម្នាក់ មានឈ្មោះ Robert Bowers វ័យ៤៦ឆ្នាំ ​បានធ្វើសកម្មភាពបាញ់ប្រហារក្នុង​ព្រះវិហារសាសនាមួយកន្លែង​របស់ជនជាតិជ្វីប នៅទីក្រុង Pittsburgh នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ជាលទ្ធផលមនុស្ស​១១នាក់បានស្លាប់ និង០៦នាក់បានរងរបួស។

បើតាមការបញ្ជាក់ពីអាជ្ញាធរអាមេរិក នាពេលនោះ ជនដៃដល់មានកាំភ្លើងរះមួយដើម និងការភ្លើងខ្លីយ៉ាងតិច០៣ដើម។ ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​កើតហេតុ តាមរយៈការបង្រ្កាបពីកម្លាំងប៉ូលិស ខ្មាន់កាំភ្លើងរូបនោះ ក៏ត្រូវ​​​ឃាត់ខ្លួនបាន។ មូលហេតុនៅពីក្រោយ​សកម្ម​ភាពបាញ់ប្រហារនេះ គឺជាដោយសារការស្អប់ខ្ពើមប្រកាន់ពូជសាសន៍លើជនជាតិជ្វីប។ ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចេញមុខថ្កោលទោសធ្ងន់ៗចំពោះទង្វើខ្មៅងងឹតនេះផងដែរ៕