(ហាណូយ)៖ ទីបំផុតអគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) បានស្បថឡើង​​កាន់តំណែង​ជាប្រធានាធិបតីថ្មី របស់ប្រទេស​វៀតណាម​ហើយ ក្រោយពី​លោក ត្រាន ដៃហ្គ័ង (Tran Dai Quang) ប្រធានាធិបតីមុន​បានទទួលមរណភាព​ កាលពីថ្ងៃទី២១ ខែកញ្ញា។ នេះបើ​តាមការ​ចេញផ្សាយ​​ដោយសារព័ត៌មានចិន CGTN នាល្ងាច​ថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

លោក Trong កើត​នៅឆ្នាំ១៩៤៤ បានបញ្ចប់​​ថ្នាក់សិក្សា PhD ក្នុងមុខជំនាញ​នយោបាយ និងការកសាងបក្ស ហើយលោកបាន​ក្លាយ​ជាសមាជិកការិយាល័យ​​​នយោបាយ របស់គណកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម ចាប់តាំងពី​ឆ្នាំ១៩៩៧ មកម្ល៉េះ។ បន្ថែម​ពីនេះលោក​​ក៏ធ្លាប់បានកាន់តំណែង​​ជាប្រធានរដ្ឋសភា​វៀតណាម ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ផងដែរ។ បន្ទាប់មកលោកក៏បាន​​ឈានទៅកាន់តំណែង​ជា​អគ្គលេខាធិការបក្ស នៅឆ្នាំ២០១១ និងជាប់បន្ត​​ទៅអាណត្តិទី ២ ទៀតនៅឆ្នាំ២០១៦។

គួរបញ្ជាក់ថា ពីរថ្ងៃក្រោយ​ប្រធានាធិបតីមុនគឺលោក Tran Dai Quang ទទួលមរណភាព លោកស្រី​អនុប្រធានាធិបតី ដាង ធី ង៉ុក ទិញ (Dang Thi Ngoc Tinh) បានឡើង​ជាប្រធានាធិបតី​ស្តីទី ហើយបានកាន់តួនាទី​ដ៏សំខាន់នេះ បន្តរហូតដល់ប្រធានាធិបតីថ្មី​ត្រូវតែងតាំង​​ជាផ្លូវការ​ដូចនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នេះតែម្តង ក្រោម​សំឡេងគាំទ្រ ៩៩.៨ភាគរយ នៅក្នុង​សភាជាតិ ហើយលោក Nguyen Phu Trong នៅតែ​បន្ត​កាន់​តំណែងជា​អគ្គលេខាធិការបក្សដដែល ដោយការកាន់តំណែងធំៗពីរក្នុង​ពេលតែមួយ​បែបនេះ គឺជារឿងមិនធ្លាប់មាននោះឡើយ គិតចាប់តាំង​ពីសម័យកាលដឹកនាំរបស់លោក ហូ ជីមិញ។

គួររំលឹកបន្ថែមទៀតថា ប្រធានាធិបតី​វៀតណាមលោក Tran Dai Quang បានទទួល​មរណភាពនៅអាយុ ៦១ឆ្នាំ បន្ទាប់ពីលោក​បានរងការវាយប្រហារ​​ដោយជំងឺយ៉ាង​ធ្ងន់ធ្ងរ។ វិទ្យុរដ្ឋវៀតណាម​បានចេញផ្សាយថា ប្រធានាធិបតី​វៀតណាមបានទទួល​មរណភាព​នៅ​វេលាម៉ោង ១០៖០៥នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងមន្ទីរពេទ្យ​យោធា​​នៃទីក្រុងហាណូយ បន្ទាប់ពីត្រូវបានក្រុម​គ្រូពេទ្យ​ក្នុងស្រុក ក្រៅប្រទេស និងសាស្ត្រាចារ្យ​​ពេទ្យជាច្រើនរូប​​បានព្យាយាម​ជួយសង្គ្រោះ ប៉ុន្តែលោកនៅ​តែមិនអាចឆ្លងផុត​គ្រោះថ្នាក់ដដែល៕