(អង់ការ៉ា)៖ ថ្លែងនៅចំពោះមុខសភាក្នុងរដ្ឋធានីអង់ការ៉ានាថ្ងៃអង្គារនេះ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានលើកឡើងជុំវិញ​ការបាត់បង់ជិវិតរបស់លោក Jamal Khashoggi ថា អារ៉ាប៊ីសាអូឌីត បានរៀបចំផែនការទុកមុនជាច្រើនថ្ងៃ ដើម្បីធ្វើឃាតអ្នកកាសែត​រូប​នេះ ពោលវាពុំមែនជាការបាត់បង់ជីវិតដោយចៃដន្យតាមការអះអាងរបស់ទីក្រុងរីយ៉ាដឡើយ។ នេះបើតាម​ការ​ដក​ស្រង់​​ការ​ផ្សាយ​ចេញ​ពី​សារព័ត៌មានរុស្ស៉ី RT (Russia Today) នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

លោក Jamal Khashoggi គឺជាអ្នករិះគន់ម្នាក់នៃរបបដឹកនាំក្នុងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ហើយលោកត្រូវគេប្រទះឃើញជា​លើកចុងក្រោយ កាលពីថ្ងៃទី០២ ខែតុលា នៅពេលដែលលោកដើរចូលទៅក្នុងស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៉ីស្តង់ប៊ុល​ នៃប្រទេសតួកគី ដើម្បីយកឯកសារចាំបាច់សម្រាប់ការរៀបអាពាហ៍ពិពាហ៍។

គួរជម្រាបថា ក្រោយពីធ្វើការបដិសេធជាង០២សប្តាហ៍កន្លងមក កាលពីថ្ងៃសុក្រសប្តាហ៍មុន អារ៉ាប៊ីសាអូឌីត តាមរយៈ​ស្ថានីយ​ទូរទស្សន៍រដ្ឋរបស់ខ្លួន បានទទួលស្គាល់ថា លោក Khashoggi ពិតជាបានស្លាប់នៅស្ថានកុលស៊ុលរបស់ខ្លួនមែន ប៉ុន្តែក្នុងហេតុ​ការណ៍វាយតប់គ្នា។

ទន្ទឹមនឹងការអះអាងនេះ អាជ្ញាធអារ៉ាប៊ីសាអូឌីត បានឃុំខ្លួន​មនុស្ស១៨នាក់ ដែលមានជាប់ពាក់ព័ន្ធសំណុំរឿងនេះ ហើយបណ្តេញ​មន្រ្តីជាន់ខ្ពស់០៦រូប រួមមានទាំងប្រធានផ្នែកចារកម្ម និងទីប្រឹក្សាជាន់ខ្ពស់របស់​ព្រះអង្គម្ចាស់ស្នងរាជ្យ៕