(ហុងកុង)៖ ប្រទេសចិន នាថ្ងៃអង្គារនេះ បានបើក​សម្ពោធ​​ស្ពាន​ឆ្លង​សមុទ្រ​ប្រវែង​ជាង​គេ​បំផុត​លើ​លោក ដែលតភ្ជាប់រវាងទីក្រុង​ហុងកុង ទីក្រុងហ្ស៊ូហៃ និងតំបន់ស្វយ័តម៉ាកាវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅ​រសៀល​ថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

ស្ពានដ៏វែងនេះ រួមផ្សំឡើងពីកំណាត់ស្ពាននិងផ្លូវថ្នល់ជិត៣៥គីឡូម៉ែត្រ ព្រមទាំងផ្លូវរូងក្រោមផ្ទៃសមុទ្រ​ប្រវែង​៦.៧​គីឡូម៉ែត្រ​ ដែល​ត​ភ្ជាប់​រវាងកោះសិប្បនិម្មិត ដើម្បីកុំឲ្យបង្កភាពរាំងស្ទះដល់ការធ្វើដំណើររបស់កប៉ាល់។ ស្ពានហុងកុង-ហ្ស៊ូហៃ-ម៉ាកាវ ត្រូវបានបើក​សម្ពោធ​នាព្រឹកថ្ងៃអង្គារនេះ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង។

គួរជម្រាបថា ស្ពានខាងលើ នឹងចាប់ផ្តើមធ្វើប្រតិបត្តិចាប់ពីថ្ងៃពុធស្អែក ក្រោយពីស្ថិតក្រោមការសាងសង់អស់រយៈពេល​​​​០៩ឆ្នាំ៕