(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនសប្បាយចិត្ត​ទាល់តែសោះចំពោះ​ការពន្យល់ របស់អារ៉ាប៊ីសាអូឌីត​ពាក់ព័ន្ធនឹងការស្លាប់​របស់លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ខណៈសមាជិក​សភាអាមេរិកមួយ​ចំនួនជឿជាក់ថា ព្រះអង្គម្ចាស់​រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) គឺជាអ្នកបញ្ជាឱ្យគេសម្លាប់​លោក Khashoggi។ នេះ​បើតាម ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នក​សារព័ត៌មាននៅសេតវិមាន​នៅថ្ងៃចន្ទសប្ដាហ៍​នេះ លោក ដូណាល់ ត្រាំ បានលើកឡើង​យ៉ាងដូច្នេះថា «ខ្ញុំមិន​សប្បាយចិត្តទាល់តែសោះ​ចំពោះអ្វីដែលខ្ញុំ​បានលឺ... យើងមានមន្ត្រី​នៅក្នុងប្រទេស​អារ៉ាប៊ីសាអូឌីត ហើយយើង​មានមន្ត្រីស៊ើបការណ៍​កំពូល នៅ​ក្នុងប្រទេសតួកគី ដូច្នេះយើង​នឹងបានឃើញអ្វី​ដែលកើត​ឡើង»។

គួរជម្រាបថា នៅថ្ងៃចន្ទ​សប្ដាហ៍នេះដែរ នាយក CIA លោកស្រី ជីណា ហាសភែល (Gina Haspel) ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅ​កាន់ប្រទេសតួកគី ខណៈពិភពលោក​កំពុងទន្ទឹមរង់ចំាសុន្ទរកថា ​របស់ប្រធានាធិបតី​តួកគី លោក អឺដូហ្កាន់ ដែលបានសន្យាថា នឹង​ទម្លាយការពិត​ដែលបានកើតឡើង​លើលោក Khashoggi៕