(ម៉ូស្គូ)៖ សារព័ត៌មាន​អាមេរិក NBC News បានរាយការណ៍ថា ព្រះអនុជរបស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត និង ជាអគ្គរដ្ឋទូត​អារ៉ាប៊ីសាអូឌីត​ប្រចាំទីក្រុងវ៉ាស៊ីនតោន គឺព្រះអង្គម្ចាស់ ខាលីដ ប៊ីន សាល់ម៉ាន់ (Khalid bin Salman) បានជួបសន្ទនា​ជាមួយលោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅក្នុងការិយាល័យ​របស់ទ្រង់ប៉ុន្មានខែ​ប៉ុណ្ណោះ មុននឹងអ្នកសារព័ត៌មាន​រូបនេះត្រូវបាន​គេសម្លាប់។ នេះបើ​តាមការ ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

NBC News ផ្អែកលើប្រភពដែល​ខ្លួនទទួលបានពីមនុស្ស ០៣នាក់ បានឱ្យដឹងទៀតថា ជំនួបរវាង​លោក Khashoggi និងព្រះអង្គ​ម្ចាស់ Khalid bin Salman បានធ្វើឡើង​នៅក្នុងទីក្រុង Washington, DC កាលពីដើម​ឆ្នាំ២០១៨ ឬក៏នៅចុង​ឆ្នាំ២០១៧ ពោលគឺនៅ​ពេលដែលអ្នក​សារព័ត៌មាន​កាសែត Washington Post រូបនេះបាន​ធ្វើដំណើរមកកាន់ស្ថានទូត​អារ៉ាប៊ីសាអូឌីត និងចំណាយពេល​កន្លះម៉ោង​នៅទីនោះ។ ចំណែកឯ​មិត្តភក្តិម្នាក់របស់​លោក Khashoggi ក៏បានបញ្ជាក់​ដែរថា ជំនួបរវាងអ្នកទាំងពីរ​បានប្រព្រឹត្តទៅ​ដោយរលូន ហើយមិនបាន​ប្រាប់អ្វីលម្អិត​នោះទេ។

ប៉ុន្តែបើតាម NBC News ជំនួបខាងលើបាន​កើតឡើងនៅចំពេល​តុលាការអារ៉ាប៊ីសាអូឌីត បានរកមធ្យោបាយ​ជាច្រើនលើក ដើម្បីនាំលោក Khashoggi មកកាន់​អារ៉ាប៊ីសាអូឌីតវិញ។

គួរបញ្ជាក់ថា លោក Khashoggi ជាអ្នករិះគន់ឥត​សម្ចៃមាត់លើរដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ត្រូវបានគេ​សម្លាប់នៅក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​អ៊ីស្ដង់ប៊ូល ប្រទេសតួកគី ក្រោយលោកត្រូវ​បានគេឃើញជាលើកចុងក្រោយនៅពេល ចូលក្នុង​ស្ថានកុងស៊ុលនេះ ដើម្បីទទួលយក​ឯកសាររៀបអាពាហ៍ពិពាហ៍​ របស់លោកជាមួយគូដណ្ដឹងជនជាតិតួកគី។ ចំណែកឯ​ទីក្រុងរីយ៉ាដ​បានបដិសេធថា ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) មិនមានជាប់​ពាក់ព័ន្ធនឹងករណី​ឃាតកម្មនេះ ទេ បើទោះជាសមាជិក​សភាអាមេរិកខ្លះជឿថា ទ្រង់ជាអ្នកបង្គាប់​ឱ្យគេសម្លាប់​លោក Khashoggi ក៏ដោយ៕