(រីយ៉ាដ)៖ ស្តេច​អារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់ឌុលឡាស៊ីស អាល់ ហ្សូដ (Salman bin Abdulaziz Al Saud) និង​ព្រះអង្គម្ចាស់ស្នងរាជ្យ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បាន​​ចូលរួមរំលែក​ទុក្ខក្រុមគ្រួសារ​របស់លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ជុំវិញ​ការបាត់បង់ជិវិតរបស់​អ្នកកាសែត​រូបនេះ នៅក្នុង​ប្រទេសតួកគី។ នេះបើ​តាមការដក​ស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារ​ព័ត៌មានចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។

ជាការ​ឆ្លើយតប​លោក សាឡេហ៍ ខាហូកជី (Saleh Khashoggi) ដែលជាកូនប្រុសរបស់​លោក Jamal បានថ្លែងអំណរ​គុណដល់រាជវង្ស​អារ៉ាប៊ីសាអូឌីត ចំពោះការចូល​រួមរំលែកទុក។ លោក Jamal Khashoggi ដែលជាអ្នក​កាសែតរបស់សារព័ត៌មាន​អាមេរិក The Washington Post បានបាត់ខ្លួន ចាប់តាំងតែពី​គេប្រទះឃើញជា​លើកចុងក្រោយ នៅពេលលោក​ចូលទៅក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ក្នុងទីក្រុង​អ៉ីស្តង់ប៊ុល​នៃប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា។

គួរជម្រាបថា បើតាមការអះអាង​កាលពីចុងសប្តាហ៍​កន្លងទៅ ​អារ៉ាប៊ីសាអូឌីត បានប្រកាស​ទទួលស្គាល់ថា លោក Khashoggi ពិត​ជាបាន​ស្លាប់មែន ប៉ុន្តែនៅក្នុងទំនាស់​វាយតប់គ្នាមួយ​នៅស្ថានកុងស៊ុល ប៉ុន្តែមិនបានរៀបរាប់​មូលហេតុលម្អិត​ឡើយ ហើយ​គេក៏មិនដឹងថា សាកសពរបស់អ្នកកាសែតរូបនេះ​បច្ចុប្បន្ននៅកន្លែង​ណាដែរ៕