(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បាននិយាយថា ការលាលែងចេញពីតំណែងមិនមែនជាបញ្ហាចោទសម្រាប់លោកនោះទេ។ លោកថ្លែងបែបនេះ បន្ទាប់ពីជំនួបរបស់លោកជាមួយសមាគមអ្នករត់តាក់ស៊ី (Taxi) នៅថ្ងៃអាទិត្យនេះ បានជាប់គាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។

ជំនួបប្រជុំរវាងលោក Mahathir និងតំណាងសមាគមអ្នករត់តាក់ស៊ី ធ្វើឡើងក្រោយអ្នករត់តាក់ស៊ីជាង១០០នាក់ បាននាំគ្នាតវ៉ា កាលពីថ្ងៃពុធ នៅខាងក្រៅក្រសួងហិរញ្ញវត្ថក្នុងទីក្រុង Putrajaya បន្ទាប់ពីមានសេចក្ដីរាយការណ៍ថារដ្ឋាភិបាលទីក្រុងគូឡាឡាំពួរ អាចនឹងធ្វើការជាមួយក្រុមហ៊ុនសេវាកម្មតាក់ស៊ី Grab ពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មដឹកជញ្ជូននៅឯស្ថានីយដឹកជញ្ជូន MRT ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់អាជីពរត់តាក់ស៊ីរបស់ពួកគេ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក តំណាងសមាគ អ្នករត់តាក់ស៊ី១០នាក់ បានដើរចេញពីកិច្ចប្រជុំជាមួយលោក Mahathir ដោយសារការខ្វែងគំនិតលើវិធានការដោះស្រាយបញ្ហា របស់រដ្ឋាភិបាល។

តែទោះជាយ៉ាងណាក៏ដោយ លោក Mahathir បានបញ្ជាក់ថា លោកនឹងព្យាយាមដោះស្រាយបញ្ហារបស់អ្នករត់តាក់ស៊ី បើសិនជា ពួកគេជឿជាក់លើរូបលោក។ លោក Mahathir លើកឡើងដូច្នេះថា៖«បើសិនជាអ្នកមិនជឿថាខ្ញុំអាចជួយអ្នកបាន អ្នកដោះស្រាយ វាដោយខ្លួនឯងចុះ ហើយចាំមើលអ្វីដែលកើតឡើង។ ខ្ញុំចង់ជួយអ្នកទាំងគ្នា តែបើអ្នកមិនចង់ ខ្ញុំក៏មិនអាចជួយបានដែរ»។ នាយករដ្ឋមន្ត្រីវ័យ៩៣ឆ្នាំរូបនេះ បានបន្ថែមទៀតថា៖«ខ្ញុំមិនចង់ធ្វើជានាយករដ្ឋមន្ត្រីទេ។ ខ្ញុំបានចូលនិវត្តន៍ហើយ តែអ្នករាល់គ្នា បានហៅខ្ញុំឱ្យត្រឡប់មកវិញ...ដូច្នេះបើសិនអ្នកមិនចង់ឱ្យខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតទេនោះ ខ្ញុំអាចលាលែងពីតំណែង នៅថ្ងៃនេះក៏បាន ព្រោះវាមិនមែនជាបញ្ហាចោទសម្រាប់ខ្ញុំឡើយ»

គួរបញ្ជាក់ថា បើតាមលោក Mahathir រដ្ឋាភិបាលរបស់លោកនឹងដាក់ចេញនូវវិធានការមួយចំនួនដើម្បីធានានូវការប្រកួតប្រជែង ដោយស្មើភាព រីឯក្រុមហ៊ុន Grab អាចនឹងត្រូវបានស្នើឱ្យប្រើប្រាស់យានយន្ដដែលរដ្ឋាភិបាលអនុញ្ញាត ព្រមទាំងបង់ថ្លៃធានា រ៉ាប់រង និងពន្ធដូចតាក់ស៊ីធម្មតា៕