(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី នៅតែបញ្ជាក់ដដែលពីគោលជំហររបស់ខ្លួនថា នឹងមិនបោះបង់ចោលគំរោងទិញយន្ដហោះ ចម្បាំង Su-35 ១១គ្រឿងពីរុស្ស៊ីនោះទេ បើទោះជាមានការគំរាមដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាម រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik នៅក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Ryamizard Ryacudu បានអះអាងថាទីក្រុងហ្សាការតា មិនមានបំណងលុបចោលគំរោងទិញយន្ដហោះចម្បាំងពីរុស្ស៊ី Su-35 ឡើយ។ លោក Ryacudu បានគូសបញ្ជាក់ដូច្នេះថា៖«ប្រទេសឥណ្ឌូណេស៊ី កំពុងទន្ទឹមរង់ចាំទទួលយន្ដហោះចម្បាំង Su-35 ក្នុងពេលអនាគតដ៏ខ្លីខាងមុខ នេះ...ហើយយើងនឹងមិនបោះបង់ចោលគំរោងទិញយន្ដហោះចម្បាំងទាំងនេះ ដោយសារតែខា្លចជាប់ទណ្ឌកម្មអាមេរិកនោះទេ»

សូមជម្រាបថា ការបញ្ជាក់ជំហរជាថ្មីរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ធ្វើឡើងបន្ទាប់ពីកាលពីខែកញ្ញាកន្លងទៅ ប្រព័ន្ធផ្សាយ ជាច្រើនបានចុះផ្សាយថាឥណ្ឌូណេស៊ី អាចនឹងពន្យាពេល ឬលុបចោលគំរោងទិញយន្ដហោះចម្បាំង Su-35 ១១គ្រឿងពីរុស្ស៊ី ដោយសារតែខ្លាចជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក ក្រោមច្បាប់ CAATSA ដែលមានគោលដៅដាក់ទណ្ឌកម្មលើ បណ្ដាប្រទេសទាំងឡាយណាដែលចុះកិច្ចសន្យាទិញអាវុធពីទីក្រុងម៉ូស្គូ៕