(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយថាទីក្រុងប៊ែរឡាំង គួរតែពិចារណា ឡើងវិញលើការលក់អាវុធឱ្យប្រទេសអារ៉ាប៊ីសាអូឌីត រហូតទាល់តែការស៊ើបអង្កេតលើការស្លាប់របស់លោក Jamal Khashoggi បញ្ចប់ទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។

លោក Heiko Maas ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកម្មវិធីទូរទស្សន៍អាល្លឺម៉ង់ Tagesthemen កាលពីថ្ងៃសៅរ៍ (ម៉ោងនៅអាល្លឺម៉ង់) ដោយទំនងជាចង់សំដៅទៅលើការសម្រេចចិត្តលក់ប្រព័ន្ធកាំភ្លើងធំឱ្យអារ៉ាប៊ីសាអូឌីត របស់ ទីក្រុងប៊ែរឡំាង កាលពីខែមិថុនាកន្លងទៅ។ លោក Maas បានលើកឡើងដូច្នេះថា៖«បច្ចុប្បន្ន មិនមានហេតុផល ណាមួយក្នុងការអនុញ្ញាតដល់ការលក់អាវុធឱ្យទីក្រុងរីយ៉ាដនោះទេ ខណៈមូលហេតុស្លាប់របស់លោក Khashoggi នៅតែមានភាពស្រពិចស្រពិល»។

គួរបញ្ជាក់ថា ​រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍ ​បានទទួលស្គាល់ហើយថា លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ដែល​បាត់​​ខ្លួន​នោះ ពិតជាបាន​បាត់​បង់ជីវិត ក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីតប្រចាំ​នៅទីក្រុងអ៉ីស្តង់ប៊ុល នៃប្រទេស​តួកគីប្រាកដមែន។ ប៉ុន្តែបានអះអាងថាការ​ស្លាប់​នោះ​​គឺ​បង្ក​​ឡើង​ដោយ​​ទំនាស់​​វាយ​តប់​គ្នា មិនមែនជាផែនការសម្លាប់ និងកាប់ជាកង់ៗ​ដូចការអះអាងរបស់តួកគី​នោះឡើយ។

បន្ថែមពីលើនេះ ជនជាតិអារ៉ាប៊ីសាអូឌីត ១៨នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ខណៈប្រមុខទីភ្នាក់ងារស៊ើបការណ៍ សំងាត់ និងជាជំនួយការជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រាជទាយាតអារ៉ាប៊ីសាអូឌីត គឺលោក Saud al-Qahtani ត្រូវបាន បណ្ដេញចេញពីតំណែងជុំវិញករណីឃាតកម្មនេះ៕