(អាមេរិក)៖ ទំហំទឹកប្រាក់​នៃឆ្នោត​មហាសំណាង Mega Millions នៅ​សហរដ្ឋអាមេរិក បានកើនដល់​មួយពាន់លានដុល្លារ ដែលជា​ទំហំទឹកប្រាក់ដ៏ធំទីពីរ​ នៅក្នុងប្រវត្តិសាស្រ្តឆ្នោតផ្សង​សំណាងរបស់​អាមេរិក។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន​ ABC News នៅព្រឹក​ថ្ងៃសៅរ៍ ទី២០​ ខែតុលា ឆ្នាំ២០១៨។

​សម្រាប់លេខ​សំណាងនៃឆ្នោត​ ដែលមានប្រាក់រង្វាន់​ដ៏ធំសម្បើម ដែលត្រូវបានចាប់​នាយប់ថ្ងៃសុក្រសប្តាហ៍នេះ (ពេល​វេលា​នៅ​អាមេរិក) គឺមាន​លេខ 15-23-53-65-70 និង Mega Ball លេខ ៧។ ប៉ុន្តែខណៈពេលនេះគេមិនទាន់ឃើញ​មានអ្នកឈ្នះ​នៅឡើយទេ ហើយប្រសិនបើគ្មាន​អ្នកមាន​សន្លឹកឆ្នោត ត្រូវជាមួយលេខ​សំណាងនេះទេនោះ ទំហំប្រាក់រង្វាន់​បន្ទាប់​អាចកើនដល់ ១.៦ពាន់​លាន​​ដុល្លារ​ឯណោះ។

គួរជម្រាបថា ដោយសារតែទឹក​ប្រាក់ដ៏ច្រើនបែបនេះ ប្រជាជនអាមេរិក​នៅទូទាំងប្រទេស បានផ្អើលទិញសន្លឹកឆ្នោត​ផ្សងសំណាង និងនាំគ្នាស្រមៃ​គិតថា តើពួកគេនឹងយកថវិកា ០១ពាន់លានដុល្លារនេះ​ទៅធ្វើ​អ្វីខ្លះ៕