(ប៉ារីស)៖ យានអវកាស ប៊េប៊ីកូឡុំបូ (BepiColombo) ដែលជា​បេសកកម្មរួមគ្នា​លើកដំបូង រវាង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA និង​ទីភ្នាក់ងារ​ជប៉ុន JAXA ដើម្បីឆ្ពោះ​ទៅកាន់ភពពុធ (Mercury) នោះ ទីបំផុតត្រូវបាន​បញ្ជូនឡើងទៅកាន់ទីអវកាស​ដោយ​ជោគជ័យ។ នេះបើតាម​ការ​​ដក​ស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។

យានអវកាស​ខាងលើនេះ ត្រូវបានបាញ់បង្ហោះ​ចេញពី​​​មូលដ្ឋាន​របស់អឺរ៉ុប ក្នុងសហគមន៍ គួរួ (Kourou) នៅតំបន់រដ្ឋបាល​បារាំង (French Guiana) ដែលស្ថិតនៅខាងភាគជើង​នៃទ្វីបអាមេរិក​ខាងត្បូង នាវេលាព្រឹក​ថ្ងៃសៅរ៍នេះ។ បេសកកម្មនេះ​មានផ្កាយរណប ០២គ្រឿង​ ដែលនឹងជួយគ្នា​ធ្វើការវាស់វែង​ទៅលើ​បរិស្ថាន​របស់ភពពុធ​ក្នុងពេលព្រមគ្នា​តែម្តង។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រយាន BepiColombo ត្រូវគេរំពឹងថា នឹងទៅដល់​ភពពុធ​នៅចុងឆ្នាំ២០២៥ ហើយនឹងត្រូវធ្វើប្រតិបត្តិការ​នៅគន្លង​របស់ Mercury សម្រាប់រយៈពេល​យ៉ាងហោចណាស់ក៏ ១២ខែដែរ ខណៈដែលភពពុធមាចម្ងាយ ៥៨លានគីឡូម៉ែត្រពី​ព្រះអាទិត្យ និងបច្ចុប្បន្នវាមានចម្ងាយ ៧៧លានគីឡូម៉ែត្រពីផែនដី។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​បញ្ជូនយានស្រាវជ្រាវ​ចំនួន ០២គ្រឿង ទៅកាន់​ភពពុធ (Mercury)។ មួយគ្រឿង​ដំបូងឈ្មោះ Mariner 10 បានធ្វើការ​ហោះ​​ឆ្វែល​​​ជាដដែល​ៗចំនួនប៉ុន្មាន​លើក កាលពីទសវត្សរ៍ទី៧០។ យាន​បន្ទាប់ទី០២ កាលពីប៉ុន្មាន​ឆ្នាំមុន បានឈាន​ដល់ទីបញ្ចប់​នៃ​​​ការបំពេញ​បេសកកម្ម​របស់វា ហើយទម្លាក់ខ្លួន​កម្ទេចចោល​ នៅលើផ្ទៃ​របស់ភពពុធ​ដូចទៅនឹង​អ្វីដែល​យាន Cassini នៅ​ភពសៅរ៍ (Saturn) បានធ្វើដែរ ដោយវាមាន​ឈ្មោះថា​ បេសកកម្ម MESSENGER៕