(ម៉ូស្គូ)៖ យោងតាម​របាយការណ៍រសើបមួយ ដែលត្រូវបាន​ចេញ​ផ្សាយដោយ​កាសែត New York Times របស់​សហរដ្ឋអាមេរិក​ឲ្យដឹងថា រដ្ឋបាលប្រធានាធិបតី​លោក ដូណាល់ ត្រាំ នឹងអាច​ដកខ្លួន ចេញ​ពីសន្ធិសញ្ញាស្តីពីអាវុធ​នុយក្លេអ៊ែររួមគ្នា​​ជាមួយរុស្ស៊ី (INF) នៅសប្តាហ៍​ក្រោយនេះ​ហើយ។ នេះបើតាម​​ការដកស្រង់​ព័ត៌មាន​ដោយ Sputnik នាព្រឹក​ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។

សន្ធិសញ្ញា​អាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបាន​ចុះហត្ថលេខាដោយ​សហរដ្ឋអាមេរិក និងអតីត​សហភាពសូវៀត​កាលពីឆ្នាំ១៩៨៧ ដែលជាជំហាន​ដ៏សំខាន់មួយ ឈានទៅរកការកាត់​បន្ថយការប្រឈមមុខ​ដាក់គ្នា រវាង​មហាអំណាច​​ធំៗទាំងពីរ​ កាលពីសម័យ​សង្គ្រាមត្រជាក់ ហើយលោក​ ដូណាល់ ត្រាំ នាសប្តាហ៍ក្រោយនេះ​ត្រូវបាន​គេរំពឹងថា លោកនឹងប្រាប់​រុស្ស៊ីថា អាមេរិក​សម្រេចចិត្ត​លុបចោល​សន្ធិសញ្ញាមួយ​នេះហើយ។

គួរបញ្ជាក់ថា បើតាមមន្ត្រី​អាមេរិកដែលសុំមិន​បញ្ចេញឈ្មោះ លោក ដូណាល់ ត្រាំ បាន​សម្រេចចិត្តដក​ខ្លួនចេញពីកិច្ចព្រមព្រៀង​នោះទៅហើយ ដោយរង់ចាំតែ​​សេចក្តី​សម្រេច​ដែលត្រូវប្រកាស​ជាផ្លូវការប៉ុណ្ណោះ។ មូលហេតុដែល​សហរដ្ឋអាមេរិក​ នឹងសម្រេចចិត្ត​បែបនេះ​ព្រោះតែខ្លួន​អះអាងថា ប្រទេសរុស្ស៊ី​បាន​រំលោភសន្ធិសញ្ញា​ខាងលើ ហើយ​សន្ធិសញ្ញានេះ​ទៀតសោធបាន​រារាំងអាមេរិក មិនឲ្យដាក់ព​ង្រាយអាវុធ​​នុយក្លេអ៊ែរ​បន្ថែម​នោះ​ឡើយ ខណៈដែលបច្ចុប្បន្ន​ឥទ្ធិពលចិនកំពុងកើនឡើង​ខ្លាំងណាស់៕