(ញូដេលី)៖ មនុស្ស​យ៉ាងតិច ៦១នាក់ ដែលភាគ​ច្រើន​ជាស្រ្តី និងកុមារត្រូវគេ​រាយការណ៍​ថា បានបាត់បង់ជីវិត និង៧២នាក់ទៀត​​​បានរងរបួស នៅទីក្រុងអំរិតសារ (Amritsar) នៃរដ្ឋផាន់ចាប់ (Punjab) ភាគខាងជើង​​ប្រទេស​ឥណ្ឌា ដោយសារតែ​ត្រូវ​រថភ្លើងបុក​ក្នុងអំឡុង​ការប្រារព្ធពិធី​សាសនាមួយ ដែល​មាន​​មនុស្សចូលរួមយ៉ាង​កកកុញ។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។

បើតាមរូបភាពនៅកន្លែងកើតហេតុកាលពីយប់ថ្ងៃសុក្រនោះ រថភ្លើងមួយខ្សែ​ដែលមានល្បឿនយ៉ាងលឿន បាន​រត់​កាត់​​ក្រុមមនុស្សម្នា​ដែលកំពុងជួបជុំគ្នា​យ៉ាងកុះករដើម្បី​ប្រារព្ធពិធីសាសនា​មួយ ដែលមើល​ទៅទំនង​ជាប្រព្រឹត្ត​នៅក្បែរផ្លូវរថភ្លើង។ សាក្សីនៅកន្លែងកើត​ហេតុបានអះអាងថា មនុស្សម្នាជាច្រើន​បានប្រមូលផ្តុំគ្នា​ទស្សនាការប្រារព្ធពិធីសាសនា​ហិណ្ឌូមួយ ដែលមាន​ឈ្មោះថា ឌូស្សេហ៍រ៉ា (Dussehra) ហើយមនុស្ស​ជាច្រើនបានកញ្ជ្រោលឡើងលើផ្លូវ​រថភ្លើង។

គួរបញ្ជាក់ថា ដោយសារតែ​សកម្មភាពខាង​លើនេះ ទើបរថភ្លើង​ដែលរត់នៅលើ​​ផ្លូវដែក​ខាងលើ​មិនបានដឹង​ជាមុន និង​បន្ថយល្បឿនទាន់ពេល ហើយវាក៏ជ្រុល​​ទៅបុក​ក្រុមមនុស្សម្នាទាំងកម្រោលតែម្តង។ ម្យ៉ាងវិញទៀត ដោយសារតែ​មនុស្សម្នាភាគច្រើន​ពេលនោះកំពុង​ប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីថតសកម្មភាព​បាញ់កាំជ្រួច និងការលេង​​ភ្លើងក្នុង​កម្មវិធីបុណ្យ​ទៀតនោះ ទើបពួកគេមិន​បានចាប់អារម្មណ៍ថា មានរថភ្លើងល្បឿន​លឿន​កំពុងសំដៅ​មកនោះឡើយ៕