(កូរ៉េ)៖ រាល់ព័ត៌មាន​ដែលពាក់ព័ន្ធនឹង​កូរ៉េខាងជើង និងកូរ៉េខាងត្បូង មិនងាយរំលងពី​ភ្នែកឆាកអន្តរជាតិនោះ​ឡើយ រាល់ពេលដែល​មានរឿងក្ដៅកើតឡើង។ ភាគីទាំងពីរ​បានធ្វើកិច្ចចរចាកំពូល​ កាលពីថ្ងៃចន្ទកន្លងទៅនេះ នៅក្នុងភូមិ Panmunjom  ដើម្បីពិភាក្សាអំពីការ​អនុវត្តកិច្ចព្រមព្រៀង​នានា ដែលសម្រេច​បាននៅក្នុងកិច្ចប្រជុំកំពូល​ ក្នុងរដ្ឋធានីព្យុងយ៉ាង​នាពេល​កន្លងមក។

នេះគឺជា​ជំនួបកំពូល​រវាងប្រទេស​កូរ៉េខាងជើង និងកូរ៉េខាងត្បូង​លើកប្រាំសម្រាប់​ឆ្នាំ២០១៨។ បើទោះបី ជាកិច្ចប្រជុំលើក​ដំបូងរវាងមេដឹកនាំ​នៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងជំរុញដំណើរការ​សន្តិភាពនៅលើ​ឧបទ្វីបកូរ៉េ​យ៉ាងនេះក្តី រហូតមកទល់​ពេលនេះ គោលដៅខ្លះមិនទាន់​បានសម្រេចនៅ​ឡើយទេ។

ប៉ុន្តែលោក ចេងស៊ីវហ៊េ (Cheng Xiaohe) សាស្ត្រាចារ្យ​នៅសាកលវិទ្យាល័យរ៉េនមីន (Renmin) ប្រទេសចិន និងជាអ្នកស្រាវជ្រាវ​ជាន់ខ្ពស់ នៅវិទ្យាស្ថានប៉ង់ហ្គោល បាននិយាយថា ការធ្វើកិច្ចចរចាបែប​នេះឆ្លុះបញ្ចាំង​ពីទំនាក់ទំនង​រវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង​កាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត។ លោកបាន​និយាយថា កូរ៉េទាំងពីរ កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់ទិសដៅ​សន្តិភាព នៅលើឧបទ្វីបកូរ៉េ បើទោះបីជាភាគី​ទាំងពីរនៅមានចំណុច​ប្រឆាំងគ្នា​ច្រើនក្តី។

យើងដឹងហើយថា មុនពេលបើកការ​ប្រកួតកីឡាអូឡាំពិក​រដូវរងា Pyeongchang ឧបទ្វីបកូរ៉េត្រូវ​បានគ្របដណ្តប់ដោយ​ជម្លោះដ៏ធ្ងន់ធ្ងរ ប៉ុន្តែបច្ចុប្បន្ន​ទំនាក់ទំនង​កូរ៉េខាងជើង - កូរ៉េខាងត្បូង​សម្រេចបាននូវភាពជោគជ័យ​ជាច្រើន ហេតុនេះដំណោះ​ស្រាយលើបញ្ហា​ផ្សេងទៀត ពិតជាអាចកើត​ឡើង​ក្នុងពេល​ខាងមុខ។ ជាការពិត​ចំណុចស្នូល នៃការផ្លាស់ប្តូរ​ស្ថានការណ៍​នៅលើឧបទ្វីបនេះគឺ ជាការផ្លាស់ប្តូរ​ក្នុងទំនាក់ទំនង​ការទូត។

បន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានឡើងកាន់​តំណែង លោកបានបង្កើន​សម្ពាធយោធាទៅលើ​កូរ៉េខាងជើង ដែលបានបង្ហាញ​ពីជំហរ​របស់ខ្លួន ប្រឆាំងការបាញ់​សាកល្បងនុយក្លេអ៊ែរ និងមីស៊ីល។ ជាមួយគ្នានេះដែរ ពីមុន​សាធារណរដ្ឋកូរ៉េ ក៏បានត្រៀម​លក្ខណៈដោយពង្រឹងកម្លាំង​យោធារបស់ខ្លួន មិនត្រឹមតែដើម្បី​ភាពរឹងមាំលើវិស័យការពារជាតិ​ប៉ុណ្ណោះទេ ថែមទាំងដើម្បី​សម្ព័ន្ធភាព​យោធា ជាមួយសហរដ្ឋអាមេរិក​ផងដែរ។

ប៉ុន្តែបច្ចុប្បន្ន​កូរ៉េខាងត្បូង បានផ្លាស់ប្តូរឥរិយាបថ​ចាប់តាំងពីប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជែអ៊ីន (Moon Jae-in) ចូលកាន់​តំណែង។ លោកបានធ្វើ​កំណែទម្រង់ គោលនយោបាយ​បរទេសរបស់ខ្លួន ដោយជំនួសឱ្យ​ការឈរនៅខាង​អាមេរិក និងការត្រៀមកម្លាំង​ដើម្បីធ្វើសង្គ្រាម លោកបែរជា​ព្យាយាមចរចាជាមួយកូរ៉េខាងជើង​ដោយសន្តិភាព។

ការផ្លាស់ប្តូរនេះ​បានកាត់បន្ថយភាពតាន​តឹង បញ្ឈប់ការប្រើប្រាស់​យោធាជា​ដំណោះស្រាយ​ ពីសំណាក់រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និងបើកចំហផ្លូវ​ដើម្បីឱ្យមានការ​សន្ទនាគ្នា រវាងរដ្ឋាភិបាល​ទីក្រុង​សេអ៊ូលព្យុងយ៉ាង និងវ៉ាស៊ីនតោន ដើម្បីឈានទៅរកការ​រំសាយអាវុធនុយក្លេអ៊ែរ​ នៅលើ​ឧបទ្វីបកូរ៉េ។ ប្រធានាធិបតី​កូរ៉េខាងត្បូង បានធ្វើទស្សនកិច្ច​រយៈពេល ០៩​ថ្ងៃ ទៅកាន់បណ្តា​ប្រទេសនៅ​សហភាពអឺរ៉ុប។

លោកលើកឡើងអំពី​ការផ្លាស់ប្តូរស្ថានភាព នៅលើឧបទ្វីបកូរ៉េ និងកិច្ចប្រឹងប្រែង​ ដែលរដ្ឋាភិបាល​កូរ៉េខាងត្បូង​បានធ្វើកន្លងមក ព្រមទាំងអំពាវនាវ​ដល់គ្រប់ភាគី​ទាំងអស់ គាំទ្រគោលនយោបាយ​របស់កូរ៉េខាងត្បូង​ឆ្ពោះ នៅក្នុងអំឡុងនៃ​កិច្ចប្រជុំអាស៊ី - អឺរ៉ុប។
លោក ចេង ស៊ីវហ៊េង បានបញ្ជាក់ទៀតថា សហភាពអឺរ៉ុបដើរ​តួយ៉ាងសំខាន់ ក្នុងការជួយដល់​ដំណើរការ នៃការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ។

តាមរយៈការធ្វើដំណើរ​ទៅកាន់សហភាពអឺរ៉ុប លោក មូន ជែអ៊ីន អាចធ្វើបង្ហាញ​ដល់ថ្នាក់ដឹកនាំប្រទេស​ទាំងនោះ នូវបានសមិទ្ធផល​ដែលអាចសម្រេច​បាន។ លោកបានលើក​ឡើងថា «តាមរយៈទស្សនកិច្ច​នៅបណ្តាប្រទេសអឺរ៉ុបផ្ដល់កម្លាំងចិត្ត​ដល់ប្រទេស​កូរ៉េខាងត្បូង ក្នុងការបន្តសន្ទុះ​ទៅមុខប្រកបដោយ​ភាពវិជ្ជមាន ដើម្បីលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល»។

សេចក្តីថ្លែងការណ៍​ទីក្រុងព្យុងយ៉ាង ដែលបានចុះហត្ថលេខា​ដោយកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក្នុងអំឡុងនៃកិច្ចប្រជុំ​កំពូលរវាងមេដឹកនាំទាំងពីរ​ចុងក្រោយបង្អស់ បានបន្ធូរបន្ថយស្ថាន​ភាពតាន​តឹង នៅ​ឧបទ្វីបកូរ៉េ។ ប៉ុន្តែយ៉ាងនេះក្តី​កូរ៉េទាំងពីរនៅតែ​ត្រូវការដើរនៅលើផ្លូវ​ដ៏វែងឆ្ងាយរួមគ្នាជាបន្តទៀត ដើម្បីដោះស្រាយ​បញ្ហាក្នុងតំបន់។
តាមរយៈកិច្ច​ចរចាកំពូល​នាពេលខាងមុខ រវាងរដ្ឋាភិបាល​ក្រុងសេអ៊ូល និងក្រុង​ព្យុងយ៉ាង អាចឱ្យយើង​ព្យាករណ៍បានថា ដំណើរការ​នៃការរំសាយអាវុធនុយក្លេអ៊ែរ​នៅលើឧបទ្វីបកូរ៉េ កំពុងតែឆ្ពោះ​ទៅមុខទៅរកភាព​វិជ្ជមាន៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា