(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹក​អាមេរិកមាន​គំរោងទិញនាវា​ចម្បាំង ២៤៥គ្រឿង និងនាវាជំនួយយោធា ៥៦គ្រឿង ចាប់ពីពេលបច្ចុប្បន្ននេះរហូតដល់ឆ្នាំ​២០៤៨។ នេះបើតាម​របាយការណ៍ ​នៃការិយាល័យ​រៀបចំកញ្ចប់ថវិកាសភា (CBO) ដកស្រង់​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងរបាយការណ៍​របស់ខ្លួន ចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ CBO បានឱ្យដឹងថា ការទិញ​នាវាចម្បាំង និងការចំណាយ​លើថ្លៃថែទាំ​​អាចនឹងត្រូវ​ចំណាយប្រាក់ ២៨.៩ពាន់លានដុល្លារ​ក្នុងមួយឆ្នាំ ហើយវានឹងធ្វើឲ្យអាមេរិក​សម្រេចបានមហិច្ចតា​ក្នុងការ​ពង្រីកទំហំ​កងទ័ពជើងទឹក ដែលមានបំពាក់នាវាចម្បាំងរហូតដល់ ៣៥៥គ្រឿង នៅក្នុងរយៈពេល ៣០ឆ្នាំ ទៀតប៉ុណ្ណោះ។

បន្ថែមពី​លើនេះ របាយការណ៍ដដែលក៏បាន​បញ្ជាក់ទៀតថា ក្រោមរដ្ឋបាលលោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កងទ័ពជើង​ទឹកអាមេរិក​បាន​បង្កើនគំរោងទិញ​នាវាចម្បាំងបន្ថែម ៤៧គ្រឿង ក្នុងរយៈពេល ៣០ឆ្នាំ ពីលើគំរោងទិញដែលត្រូវបាន​ព្រាងឡើងសម្រាប់ឆ្នាំសារពើពន្ធ ២០១៧ ដោយរដ្ឋបាល​​នៃអតីតប្រធានាធិបតីអាមេរិក​លោក បារ៉ាក់ អូបាម៉ា។

នាវាថ្មីៗជាច្រើននឹង​ត្រូវយក​មកជំនួសនាវាចាស់ៗ ដែលត្រូវដាក់​ឲ្យចូល​និវត្តន៍ជាបន្តបន្ទាប់ ហើយនេះក៏ត្រូវបានចាត់ទុកជា ការធ្វើទំនើបកម្មកងទ័ពជើងទឹកទ្រង់ទ្រាយធំ ដែលរដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ចង់ធ្វើឲ្យ​ខាងតែបាន។ ​

បន្ថែមពីនេះ​ទៀត​នាវាដែលអ្នកជំនាញវិស្វកម្ម​ពិនិត្យមើលទៅឃើញថា នៅតែអាចប្រើការ​បាននោះ ពួកវានឹងត្រូវបង្កើន​ចំនួន​ឆ្នាំនៃការធ្វើប្រតិបត្តិការ​បន្ថែមទៀត ឧទាហរណ៍​ដូចជានាវាមុជទឹក​ពិឃាតចំនួន ០៧គ្រឿង នឹងត្រូវបង្កើន​រយៈពេលធ្វើប្រតិបត្តិការពី ៣៣ឆ្នាំ ឡើងទៅដល់ ៤៣ឆ្នាំ និងនាវាពិឃាត​មួយ​ចំនួនទៀតនឹងត្រូវបង្កើនពី ៣៥ឆ្នាំ ឬក៏ ៤០ឆ្នាំ ឡើងទៅដល់ ៤៥ឆ្នាំផងដែរ។

ដោយឡែក​សម្រាប់នាវាល្បាតយោធា និងនាវា​មុជទឹក-មីស៊ីល ក៏ត្រូវបញ្ជាទិញបន្ថែមដែរ ខណៈនៅឆ្នាំ២០១៩ តែឯងប៉ុណ្ណោះ នាវាមុជទឹក​ពិឃាត​រហូតដល់ ១៦គ្រឿង ត្រូវបាន​ស្នើឲ្យទិញ ជាមួយនឹង​នាវាប្រដេញបន្ថែម ១០គ្រឿង និងនាវាចម្បាំងភេទ AWS (amphibious warfare ships) ចំនួន ០៥គ្រឿងផងដែរ លើសពីគំរោងដែល​ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា បើតាមគំរោង​ថ្មីខាងលើនេះ សហរដ្ឋអាមេរិក​នឹងមាននាវាដឹកយន្តហោះ​ចម្បាំងបន្ថែម ០១គ្រឿង ជាងរៀងរាល់​រយៈពេល ០៥ឆ្នាំ ខណៈបច្ចុប្បន្ន​​នេះអាមេរិក​មាន ១០គ្រឿង​ស្រាប់​ទៅ​ហើយ ដែលជានាវាដឹក​យន្តហោះ​ចម្បាំងមានសមត្ថភាពពេញ​លេញ កំពុង​បំពេញ​ប្រតិបត្តិការ ដោយឡែក ០៩គ្រឿងផ្សេងទៀត​ក៏អាចហៅថា ជានាវាដឹកយន្តហោះចម្បាំង​ដូចគ្នា តែពួកមិនគ្រប់​លក្ខណៈនោះឡើយ៕ ​