(ហាណូយ)៖ ប៉ូលិស​វៀតណាម​កំពុងបើកការស៊ើប​អង្កេតមួយ​ ជុំវិញករណីផ្ញើសារ​គំរាមសម្លាប់​ ទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់ជា​ច្រើននាក់ មកពី​ការិយាល័យប្រតិភូសភាជាតិ​វៀតណាម។ នេះបើតាម​ការ​ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VN Express នៅរសៀលថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

យោងតាម VN Express ក្រុមមន្ត្រីជាច្រើននាក់ នៃ​ការិយាល័យប្រតិភូសភាជាតិ​វៀតណាមមក​ពីខេត្ត កាងទ្រី (Quang Tri), កាងប៊ិញ (Quang Binh), ធួធានហ័រ (Thua Thien-Hue), កាងណាម (Quang Nam), ហាទិញ (Ha Tinh), បាក់គាំង (Bac Giang) និង​ទីក្រុងហាណូយ ត្រូវបាន​គេរាយការណ៍ថា បានទទួលសារគំរាម​សម្លាប់ពីជនអានាមិក​តែមួយ។ VN Express មន្ត្រីជាន់ខ្ពស់​យ៉ាងហោចណាស់ ០៧នាក់ បានទទួលសារ​គំរាមសម្លាប់។

ដោយឡែក ប៉ូលិសវៀតណាម​ក៏បានបញ្ជាក់​ដែរថា សារគំរាម​សម្លាប់ខាងលើមានអត្ថន័យ​តែមួយដោយ​ថាលុយ ១០០លានដុង (៤,៤០០ដុល្លារ) ត្រូវបានផ្ដល់​ឱ្យ ដើម្បីសម្លាប់​ក្រុមមន្ត្រីជាន់ខ្ពស់​ទាំងនេះ។ លើសពីនេះ​ទៅទៀត សារនេះថែមទាំង​បានទាមទារឱ្យអ្នក​ទទួលបានសារ វេលុយក្នុងចំនួន​ដូចគ្នាទៅក្នុងគណនីធនាគារ​មួយ នៅឯ​វៀតណាមភាគ​ខាងត្បូងទៀតផង។ តែទោះជា​យ៉ាងនេះក្ដី ប៉ូលិស​វៀតណាម​មិនទាន់អាច​សន្និដ្ឋានថា តើជនអានាមិក​នោះ បានលេខ​ទូរស័ព្ទមន្ត្រីជាន​ខ្ពស់វៀតណាម​ខាងលើ តាមរបៀប​ណានោះឡើយ។

គួរជម្រាបថា កាលពី​ឆ្នាំ២០១៧ លោក ដាវ តានកុង (Dao Tan Cuong) ជានាយករង​នៃ​ក្រុមហ៊ុន ផេត្រូលីមិច (Petrolimex Aviation Fuel JSC) មានសាខា​នៅទីក្រុង ដាណាង (Da Nang) ត្រូវបានផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ ១៨ខែ សម្រាប់ការផ្ញើសារ​គំរាមទៅកាន់​អតីតអភិបាលក្រុង Da Nang លោក ហ៊ូយិញ ដុកថូ (Huynh Duc Tho)៕