(វ៉ាស៉ីនតោន)៖ បណ្តាមេដឹកនាំ​នៃអារ៉ាប៊ីសាអូឌីត ត្រូវគេរាយការណ៍ថា ទំនង​ជាអាចឈានទៅដល់ឆ្លើយទម្លាក់កំហុស ទៅលើ​មន្រ្តីជាន់​ខ្ពស់មួយរូប​របស់ខ្លួននៅទីបំផុត ជុំវិញការបាត់ខ្លួន​យ៉ាងអាថ៌កំបាំង​របស់អ្នកកាសែត លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi)។ នេះបើតាម​សេចក្តីរាយការណ៍​របស់​កាសែតអាមេរិក The New York Times ដកស្រង់ខ្លឹមសារ​ដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

បុគ្គល​០៣រូបដែលប្រហែលជាដឹងលឺពីគម្រោងខាងលើ បានបង្ហើបប្រាប់​សារព័ត៌មាន New York Times ថា អារ៉ាប៊ីសាអូឌីត​នឹង​ទម្លាក់កំហុសទៅ​លើមេទ័ពម្នាក់​ឈ្មោះថា អាម៉េដ អាល់អាស្ស៊ឺរី (Ahmed al-Assiri) ដែលជាទីប្រឹក្សាជាន់ខ្ពស់​របស់ព្រះរាជទាយាទ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman​)។ ជុំវិញផែនការនោះ​មេដឹកនាំអារ៉ាប៊ីសាអូឌីត​​ នឹងឆ្លើយទម្លាក់កំហុសយ៉ាងដូច្នេះថា «ព្រះរាជទាយាទ Bin Salman បានបញ្ជា​លោក Assiri ឲ្យ​ទៅ​ចាប់ខ្លួន លោក Khashoggi ដើម្បីយកមក​សួរចម្លើយ ប៉ុន្តែមេទ័ពរូបនោះ​អាចភ័ន្តច្រឡំ ឬមួយក៏ល្មើស​ការបង្គាប់ដោយ​ខ្លួនឯង​ រហូត​ឈានដល់ការបង្កឲ្យបាត់បង់ជីវិត ​អ្នកកាសែតរូប​នេះ​តែម្តង!។

ទន្ទឹមនឹងនេះ អាជ្ញាធរទីក្រុងអង់ការ៉ា ០២រូប បានប្រាប់ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ក្រុមអ្នកស៉ើប​អង្កេតតួកគី បានចាប់ផ្តើម​សម្រុក​ឆែកឆេរនៅក្នុងព្រៃ​​នៅជាយក្រុង​អ៉ីស្តង់ប៊ុល ដើម្បីតាមរកសាកសព​របស់ Khashoggi។ ម៉្យាងវិញទៀត ក្រុមអ្នកស៉ើប​​អង្កេត​ក៏ប្រមូលបាន​គំរូតាងជាច្រើន​ផងដែរ ពីស្ថានកុលស៊ុល​អារ៉ាប៊ីសាអូឌីត ហើយកំពុងរៀបចំ​ធ្វើតេស្ត​ផ្ទៀងផ្ទាត់ DNA របស់អ្នកកាសែត​​រូបនោះ។ ក្រៅពីនេះក៏មាន​សេចក្តីរាយការណ៍​ផងដែរថា ជនសង្ស័យ​មួយចំនួន ដែលអាជ្ញាធរតួកគី​កំណត់អត្តសញ្ញាណបាន គឺមានជាប់ពាក់ព័ន្ធ​ជាមួយ​ព្រះអង្គម្ចាស់ Bin Salman។

គួរជម្រាបថា លោក Khashoggi ដែលអ្នកកាសែត​របស់សារព័ត៌មានអាមេរិក Washington Post និងជាអ្នករិះគន់លើ​​​ព្រះអង្គម្ចាស់ Mohammed bin Salman នោះ បានបាត់ខ្លួន ក្រោយពីត្រូវបានគេ​ប្រទះឃើញជាលើក​ចុងក្រោយ ដើរចូលទៅក្នុងស្ថានកុងស៊ុល​​អារ៉ាប៊ីសាអូឌីត នៅអ៉ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា ដើម្បីយកឯកសារត្រៀម​សម្រាប់ការរៀបអាពាហ៍ពិពាហ៍៕