(ម៉ុលដូវ៉ា)៖ លោកស្រី ម៉ៃអា សេនឌូ (Maia Sandu) ដែលជាមេដឹកនាំនៃគណបក្ស Action and Solidarity ​បាន​បកអាក្រាតនូវការចរចា ដែលលោកស្រីអះអាងថា គួរស្អប់​ខ្ពើម​របស់ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ (Tayyip Erdogan) តាមរយៈ​ការប្រើ​បាស់​​អំណាច​​ស្នើ​​ឲ្យ​បញ្ជូនភ្នាក់ងារអប់រំជនជាតិ​​តួកគី​ចំនួន ​០៧នាក់ ត្រឡប់មកវិញ​ជាថ្នូរនិងការធ្វើទស្សន​កិច្ចមកកាន់​​ប្រទេសម៉ុលដូវ៉ា។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​​ពីវែបសាយ រ៉ុមហាប៊ឺ (Romhaber) នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីតួកគី​លោក អឺដូហ្គាន់ បានថ្លែងថា ប្រសិន​បើ​រដ្ឋាភិបាល​ម៉ុលដូវ៉ា (Moldova) បណ្តេញ​ភា្នក់ងារផ្នែកអប់រំជនជាតិ​តួកគីទាំង ០៧នាក់ចេញពីប្រទេស ហើយ​ប្រគល់ទៅឲ្យ​រដ្ឋា​ភិបាល​​តួក​គីវិញនោះ លោក​នឹង​យល់​ព្រម​ធ្វើ​ដំណើរ​ទស្សន​កិច្ច​មក​កាន់​ប្រទេសអឺរ៉ុប​នេះ​។

លោកស្រី Sandu បានបកស្រាយជាសាធារណៈ នៅក្នុងប៉ុស្តិ៍ទូរទស្សន៍ Moldova Journal TV ដោយបញ្ជាក់យ៉ាងច្បាស់ថា «ការ​ចរចារ​យ៉ាង​កខ្វក់​នេះ​ បានស្តែងឲ្យឃើញថា ប្រសិនបើយើងមិនព្រមប្រគល់ខ្លួនភា្នក់ងារអប់រំទាំងនោះទេ លោក​នឹង​មិន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​មក​ប្រទេស​យើង​នោះឡើយ»

លោកស្រីបន្តទៀតថា ការធ្វើដំណើរទស្សនកិច្ចនេះ គឺត្រូវលោកប្រធានាធិបតីតួកគីយល់ឃើញថា ប្រទេសម៉ុលដូវ៉ា គឺជា​ប្រទេស​ដែល​មិន​សូវ​មាន​ទំនាក់​ទំនង​ជាមួយនឹងសហភាពអឺរ៉ុប ហើយចង់ទទួលបានផលចំនេញផងដែរ។ ដោយ​ឡែក​លោកស្រី​មិនចង់​មាន​សម្ព័ន្ធភាពដ៏កខ្វក់បែបនេះ របស់លោកប្រធានាធិបតីតួកគី ជាមួយប្រទេសម៉ុលដូវ៉ានោះទេ។

លោកស្រី Sandu បានបន្ថែមថាថា ការប្រគល់ខ្លួនភ្នាក់ងារអប់រំនេះ គឺមិនមានភាពត្រឹមត្រូវតាមផ្នែកច្បាប់បន្តិចសោះឡើយ ដែល​វា​អាច​ធ្វើឲ្យមានភាពគ្រោះថ្នាក់ទាំងរាងកាយ និងទាំងអាយុជីវិតរបស់ជនទាំងនោះផងដែរ។ ហើយ​ការ​ចរចារ​ក៏​កខ្វក់​នេះ​ ដែល​ចង់ឲ្យ​​បណ្តេញ​ចេញភ្នាក់ងារអប់រំទៅក្រៅប្រទេសនេះ អាចនឹងមានការសូកប៉ាន់ពីក្រោយក៏ថាបានដែរ។

គួរជម្រាបថា លោក វ៉ាឡឺរីវ ហ្គីឡេតជី (Valeriu Ghiletchi) ដែលជាជំនួយការ​ប្រធានសភាជាតិ​ម៉ុលដូវ៉ា ក៏រៀបរាប់ឲ្យដឹងផងដែរថា ការ​ចរ​ចាក្នុង​ការ​បណ្តេញ​​លោកគ្រូ-អ្នកគ្រូនេះ មិនមែនជាលើកទីមួយរបស់រដ្ឋាភិបាលតួកគីនោះទេ រឿងបែបនេះគឺធ្លាប់មានពីមុនមកហើយដែរ។ ជុំវិញរឿងនេះ​មន្ត្រីនៃក្រសួងយុត្តិធម៌​ម៉ុលដូវ៉ា លោក នីកូលែ អេសាននូ (Nicolae Esanu) បាន​ព្រមាន​ថា​ ប្រទេសម៉ុលដូវ៉ា​នឹង​ត្រូវ​កាត់​ទោស​នៅ​ក្នុង​តុលាការយុត្តិធម៌​អឺរ៉ុប​សម្រាប់ការធ្វើយ៉ាងដូច្នោះ៕