(ម៉ិចស៊ីកូ)៖ រដ្ឋាភិបាលម៉ិចស៊ីកូនឹងស្នើសុំជំនួយ​ពី ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​សម្រាប់ជនភៀសខ្លួន UNHCR ឱ្យជួយដោះស្រាយបញ្ហា​លំហូរជនភៀសខ្លួន​ មកពីបណ្ដាប្រទេសអាមេរិក​កណ្ដាល ដែលកំពុង​សម្រុកចូល​មកកាន់ តំបន់ព្រំដែនភាគខាងត្បូង​របស់ម៉ិចស៊ីកូ។ នេះបើតាមក្រសួង​ការបរទេស​ម៉ិចស៊ីកូ ដកស្រង់ដោយសារ​ព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ក្រសួងការបរទេស​ម៉ិចស៊ីកូ​បានលើក​ឡើងថា ជំនួយពី UNHCR គឺមានភាព​ចំាបាច់ណាស់ក្នុងការគ្រប់គ្រង​ រាល់កម្មវិធីជនភៀស​ខ្លួនទាំងអស់ និង​ដើម្បី​បញ្ជៀស​ការបោកបញ្ឆោត​របស់ក្រុមឧក្រិដ្ឋ​ជនអន្តរជាតិ ក្នុងការជួញដូរ​មនុស្ស។

បន្ថែមពីលើនេះ ក្រសួងការបរទេស​ម៉ិចស៊ីកូក៏បានឱ្យ​ដឹងដែរថា ជនភៀស​ខ្លួន ២,០០០នាក់ បានធ្វើដំណើរ​មកពីប្រទេស​ហុងដូរ៉ាស់ ឆ្ពោះមកកាន់​ប្រទេស​ហ្កាតេម៉ាឡា ដើម្បីចូលមក​កាន់ព្រំដែន​អាមេរិក-​ម៉ិចស៊ីកូ។

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ក៏បានព្រមាន​ដែរថា សហរដ្ឋអាមេរិក​នឹងដាក់​ពង្រាយ​កងទ័ព ហើយបិទច្រកព្រំដែន​ជាមួយម៉ិចស៉ីកូ សំដៅបញ្ឈប់​លំហូរជនភៀសខ្លួន​មកពីប្រទេសហ្កាតេម៉ាឡា ហុងដូរ៉ាស់ និងអែល សាវ៉ាឌ័រ៕