(ការ៉ាកាស់)៖ ក្រសួងការបរទេស​វេណេស៊ុយអេឡាបានប្រកាសថា អគ្គរដ្ឋទូតស្ដីទី​អេក្វាឌ័រគឺជាមនុស្សមិន​ត្រូវបាន​ទទួលស្វាគមន៍ ហើយលោកមានពេល ៧២ម៉ោង ដើម្បីវេចបង្វិចចាកចេញ​ពីប្រទេស​វេណេស៊ុយអេឡា។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

ការសម្រេចចិត្ត​ខាងលើរបស់​វេណេស៊ុយអេឡា ធ្វើឡើងបន្ទាប់​ពីរដ្ឋាភិបាលអេក្វាឌ័រ​ បានបណ្ដេញអគ្គរដ្ឋទូត​របស់ខ្លួន​ចេញពី​រដ្ឋធានី Quito។ ក្រសួង​ការបរទេស​វេណេស៊ុយអេឡា បានបញ្ជាក់​នៅក្នុងសេចក្ដី​ថ្លែងការណ៍ ចេញ​ផ្សាយនៅ​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ដូច្នេះថា «រដ្ឋាភិបាល​វេណេស៊ុយអេឡា អាចត្រឹមតែទាត់ចោល​ការជ្រៀតជ្រែក ជាប្រព័ន្ធក្នុង​កិច្ចការផ្ទៃក្នុងរបស់​វេណេស៊ុយអេឡា​ ពីសំណាក់​ប្រធានាធិបតី​អេក្វាឌ័រ លោក ឡេនីន ម៉ូរេណូ (Lenin Moreno) និងការបណ្ដេញ​អគ្គរដ្ឋទូតវេណេស៊ុយអេឡាពី​រដ្ឋធានី Quito។

ដូច្នេះជាការ​ឆ្លើយតប ក្រសួងការបរទេស​វេណេស៊ុយអេឡាបានប្រកាសថា អគ្គរដ្ឋទូតស្ដីទីអេក្វាឌ័រលោកស្រី អេលីហ្សាប៊ែត មិនឌែស (Elizabeth Mendez) គឺជាមនុស្សមិនត្រូវបាន​ទទួលស្វាគមន៍ និងមានពេល ៧២ម៉ោង ដើម្បីវេចបង្វិចចាកចេញពី​ប្រទេសវេណេស៊ុយអេឡា»

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍​ប្រទេសអេក្វាឌ័រ បានបណ្ដេញអគ្គរដ្ឋទូត​វេណេស៊ុយអេឡា​​ចេញពីប្រទេស ដោយសារតែរដ្ឋមន្ត្រី​ទូរគមនាគមន៍វេណេស៊ុយអេឡា​លោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកថា លោក Lenin Moreno គឺជាមនុស្សបោកប្រាស​សម្រាប់ការនិយាយប្រាប់ UN​ ថា ប្រទេសអេក្វាឌ័របានទទួលជនភៀស​ខ្លួនវេណេស៊ុយអេឡា ៦,០០០នាក់ក្នុងមួយថ្ងៃ៕