(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា លោកនឹងដាក់​ពង្រាយកងទ័ព ហើយបិទច្រកព្រំដែនជាមួយម៉ិចស៉ីកូ ដោយសារតែបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

សាររបស់លោក ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំត្រូវតែស្នើដោយជំហររឹងមាំឲ្យ​ម៉ិចស៉ីកូទប់ស្កាត់លំហូរចូលយ៉ាងភ្លូកទឹកភ្លូកដី​នៃ​ជន​អន្តោប្រវេស៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិចស៉ីកូ ហើយប្រសិនបើម៉ិចស៉ីកូ នៅតែពុំអាចធ្វើបានទេនោះ ខ្ញុំនឹងសម្រេចបញ្ជូន​កម្លាំង​យោធាឲ្យទៅបិទព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិកជាក់ជាមិនខាន»។

គួរជម្រាបថា នាពេលកន្លងទៅនេះ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានព្រមានធ្វើឲ្យរដ្ឋាភិបាលជាប់គាំងផងដែរ ប្រសិនបើសភា​មិន​យល់ព្រមគាំទ្រដល់ការទាមទារ​របស់រដ្ឋាភិបាលោក ជុំវិញការពង្រឹងសន្តិសុខតាមព្រំដែន និងការសាងសង់ជញ្ជាំង​នៅព្រំដែន​រវាង​អាមេរិកនិងម៉ិចស៉ីកូទេនោះ៕