(វ៉ាទីកង់)៖ ប្រធានាធិបតី​កូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានទៅដល់បុរីវ៉ាទីកង់ និងប្រគេនលិខិតអញ្ជើញរបស់លោក គីម ជុងអ៊ុន ជូនដល់សម្តេច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) រួចហើយ ដើម្បីអញ្ជើញ​សម្តេចទៅបំពេញទស្សនកិច្ច​ទីក្រុងព្យុងយ៉ាង ទៅតាមពេលវេលា​ណាមួយដែលសមគួរ។ នេះបើតាមការចេញ​ផ្សាយដោយ យ៉ុនហាប់ នាយប់​ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍ ក្រោយទទួលបានលិខិត​​តាមរយៈប្រធានាធិបតីកូរ៉េខាងត្បូង​នោះ​សម្តេច ប៉ាប បានថ្លែងបញ្ជាក់​ទៅវិញថា «ខ្ញុំនឹងឆ្លើយតប​ដោយគ្មានលក្ខខណ្ឌ​អ្វីឡើយ​ប្រសិនបើខ្ញុំទទួល​បានលិខិតអញ្ជើញជាផ្លូវការ ហើយខ្ញុំ​ពិតជាអាចទៅបាន (ទស្សនកិច្ចកូរ៉េខាងជើង)»។

ជុំវិញបន្ទូលរបស់​សម្តេចខាងលើនេះ លោក មូន ជែអ៊ីន បាន​សាកសួរតបទៅវិញថា «តើខ្ញុំអាចជម្រាបមេដឹកនាំកូរ៉េខាងជើង ឲ្យបញ្ចូនប្រសិត​ដោយផ្ទាល់​មកអញ្ជើញ​សម្តេច ប៉ាប បាន​ដែរឬទេ?» ជុំវិញសំនួរនេះ​សម្តេច ប៉ុប បានសង្កត់​ធ្ងន់ថា «លិខិតអញ្ជើញតាម​រយៈលោក មូន ពេលនេះគឺគ្រប់គ្រាន់ហើយ ប៉ុន្តែ​ប្រសិនបើមានការអញ្ជើញជាផ្លូវការ​ពីសំណាក់​កូរ៉េខាងជើង​តែម្តងនោះ ក៏កាន់តែប្រសើរដែរ»។

គួរបញ្ជាក់ថា កាលពីដើមខែតុលា ប្រមុខដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលស្គាល់ពីការអញ្ជើញ​សម្តេច ប៉ាប ហ្វ្រង់ស៊ី (Pope Francis) នៃសាសនា​គ្រិស្តមកបំពេញទស្សន​កិច្ចជាផ្លូវការ នៅទីក្រុងព្យុងយ៉ាង​ជាលើកដំបូងបំផុត ហើយលិខិត​​អញ្ជើញនេះ​បានផ្ញើទុកនៅ​ប្រធានាធិបតី​​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដើម្បីលោកអាចជូនដោយ​ផ្ទាល់​ដៃទៅដល់​សម្តេច Pope៕