(តេហេរ៉ង់)៖ ការដែលសហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងធ្វើការកាត់បន្ថយការនាំចេញ​ប្រេង​របស់អ៊ីរ៉ង់រហូតដល់ចំណុចសូន្យតែម្តងនោះ គ្រាន់តែជា «ការបោកបញ្ឆោតផ្នែក​នយោបាយ» តែប៉ុណ្ណោះ ខណៈដែល​រដ្ឋបាលលោក ដូណាល់ ត្រាំ បាន​ព្យាយាមធ្វើរឿង​នេះ​ជាច្រើនខែ​មកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ ដកស្រង់សម្តី​ពីប្រធានក្រុមហ៊ុនប្រេងរដ្ឋអ៊ីរ៉ង់ NIOC លោក អាលី ខាដ័រ (Ali Kardor) នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

លោក ខាដ័រ បានបញ្ជាក់​យ៉ាងដូច្នេះថា «ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានប្រឹងប្រែង​ធ្វើអ្វីគ្រប់យ៉ាង ដែលលោកអាចធ្វើ​បានរួចទៅហើយ ដូច្នេះលោក​ពិតជាដឹង​ហើយថា ការធ្វើឲ្យវិស័យ​នាំចេញប្រេងរបស់ប្រទេស​អ៊ីរ៉ង់ ធ្លាក់ទៅ​ដល់ចំណុច​សូន្យនោះ គឺគ្រាន់តែជា​ពាក្យបោកបញ្ឆោតផ្នែកនយោបាយ​ប៉ុណ្ណោះ...»

ប្រធាន​ក្រុមហ៊ុន​​ប្រេងរដ្ឋអ៊ីរ៉ង់រូបនេះ ក៏បានសង្កត់​ធ្ងន់ទៀតថា «ទោះបីជា​យើង​កំពុងរង​ការដាក់ទណ្ឌកម្ម​ផ្នែកហិរញ្ញវត្ថុ និងធនាគារ​ពីសំណាក់អាមេរិក៏ដោយ ក៏យើង​មិន​លំបាក​ក្នុងការទូទាត់​ប្រាក់ចំណូលពីការនាំ​ចេញប្រេងនោះ​ដែរ ហើយយើង​ក៏អាចទទួលយក​លុយអឺរ៉ូជំនួយលុយដុល្លារក្នុងការទូទាត់ក៏បាន ប្រសិនបើ​អាចទៅរួច។ វាគ្មានបញ្ហា​នោះទេ​សម្រាប់​រឿងនេះ ព្រោះយើង​នៅមាន​សហភាពអឺរ៉ុបគាំទ្រ...»

គួរបញ្ជាក់ថា ការលើកឡើង​របស់ប្រធានក្រុមហ៊ុនប្រេងរដ្ឋអ៊ីរ៉ង់​​ខាងលើនេះ គឺកើតមានឡើង​បន្ទាប់ពី​ការព្រមានរបស់​សហរដ្ឋអាមេរិក ព្រមទាំងទង្វើ​ដែលបាននិងកំពុងកើត​មានឡើង​ជាក់​ស្តែង ដោយអាមេរិកបានគាបសង្កត់​ឲ្យសម្ព័ន្ធមិត្ត​របស់ខ្លួនទាំងអស់ ឈប់ទិញ​ប្រេងពីប្រទេស​អ៊ីរ៉ង់ ដើម្បីជាការ​ដាក់ទណ្ឌកម្មចំពោះ​​សកម្មភាពអ៊ីរ៉ង់​​ នៅក្នុងប្រទេស​ស៊ីរី និងតំបន់មជ្ឈិមបូព៌ា៕