(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត​អាចនឹងលុបចោល​កិច្ចសន្យាទិញអាវុធ មានតម្លៃ​រាប់ពាន់លានដុល្លារ ហើយងាក​ទៅទិញ​អាវុធពីរុស្ស៊ីវិញ បើសិនជាសហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹងទីក្រុងរីយ៉ាដ ជុំវិញការបាត់​ខ្លួនរបស់​អ្នកសារព័ត៌មាន​​អារ៉ាប៊ីសាអូឌីត​ម្នាក់។ នេះបើតាម​សម្តីអ្នកជំនាញសេដ្ឋកិច្ចលោក ម៉ាមដួហ៍ សាឡាម៉េហ៍ (Mamdouh G. Salameh​) ដកស្រង់ដោយ​សារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

លោក Mamdouh G. Salameh​ បានធ្វើការកត់សម្គាល់បែបនេះនៅក្នុង បទសម្ភាសន៍​ជាមួយ Russian Today ដោយលោក​បានគូសបញ្ជាក់យ៉ាងដូច្នេះថា «​សហរដ្ឋអាមេរិក មិនគួរមើល​ស្រាលពីលទ្ធភាពសងសឹក​របស់អារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងការដាក់​ទណ្ឌកម្មនោះទេ... ព្រោះកាលពី​ឆ្នាំ១៩៧៣ អារ៉ាប៊ីសាអូឌីត​ធា្លប់បាន​ធ្វើឱ្យសេដ្ឋកិច្ច និងទីផ្សារអាមេរិក​ជួបភាពវឹកវរយ៉ាងខ្លាំង​ម្ដងរួចមក ហើយ តាមរយៈការ​បញ្ឈប់ការលក់​ប្រេងឱ្យ​អាមេរិក»

លើសពីនេះ​ទៅទៀត បើតាមជាអ្នកជំនាញរូបនេះដដែល អារ៉ាប៊ីសាអូឌីត​អាច​នឹងលុបចោល​កិច្ច​សន្យាទិញអាវុធ ពីសហរដ្ឋអាមេរិក​ដែលមានតម្លៃប្រហែលពី ១០០ពាន់លាន ដល់ ២០០ពាន់លានក្នុង​មួយឆ្នាំៗ ហើយងាកទៅទិញ​អាវុធពីរុស្ស៊ី ឬក៏បង្កើនទំនាក់ទំនង​រកស៊ីផ្នែកប្រេង​ជាមួយចិន។

គួរបញ្ជាក់ថា បច្ចុប្បន្ន​អារ៉ាប៊ីសាអូឌីតកំពុងរងសម្ពាធយ៉ាងខ្លាំង ​ពីបណ្ដាប្រទេសលោក​ខាងលិច ក្នុងនោះរួមមាន​ទាំង​សហរដ្ឋអាមេរិកផងដរ ពាក់ព័ន្ធនឹងអ្នក​សារព័ត៌មាន Washington Post លោក ចាម៉ាល់ ខានហូកជី (Jamal Khashoggi) ដែលបាន​បាត់ខ្លួន បន្ទាប់ពីចូលក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំទីក្រុង​អ៊ីស្ដង់ប៊ូល កាលពីជាង​២សប្ដាហ៍មុន។

ចំណែកឯ អាជ្ញាធរតួកគីបាន​អះអាងថា ខ្លួនមាន​ភស្ដុតាងបញ្ជាក់ថា លោក Khashoggi ត្រូវបានគេ​ធ្វើទារុណកម្ម សម្លាប់ និងកាត់សាកសព​ជាកង់ៗនៅក្នុង​ស្ថានកុងស៊ុលនោះ។ ក៏ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត​បានច្រានចោល​ការចោទ​ប្រកាន់នេះ ខណៈប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ព្រមានថា នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ​ជាទីបំផុត​ប្រឆាំងនឹង​អារ៉ាប៊ីសាអូឌីត បើសិនជា​ទីក្រុងរីយ៉ាដ​បានសម្លាប់​លោក Khashoggi ដូចការសង្ស័យមែននោះ៕