(ញូដេលី)៖ ចំនួនមនុស្ស​ស្លាប់ដោយសារ​ការវាយលុកពី​ព្យុះស៉ីក្លូន ​ទីធ្លី (Titli) នៅរដ្ឋ អូឌីហ្សា (Odisha) ភាគខាងកើតប្រទេស​ឥណ្ឌា​បានកើនដល់​ ៥៧នាក់ ខណៈទំហំនៃការ​បំផ្លិចបំផ្លាញ ដែលបង្កឡើងដោយគ្រោះធម្មជាតិនេះ គិតជាទឹកប្រាក់​គឺប្រហែល ៣០០លានដុល្លារ។ នេះ​បើតាមអ្នកនាំ​ពាក្យរដ្ឋាភិបាល​ក្នុងតំបន់រងគ្រោះ ដកស្រង់សម្តី​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៉ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នានេះ អាជ្ញាធរ​ក្នុងតំបន់បាន​បង្កើនកិច្ចខិតខំប្រឹងប្រែង​ស្តារ និងផ្តល់ការ​ជួយសង្រ្គោះ​ថែមទៀត ហើយប្រធាន​គណៈរដ្ឋមន្រ្តី​​ប្រចាំរដ្ឋ Odisha ក៏បានដំឡើង​ប្រាក់ឧបត្ថម្ភ​រហូតដល់​១៣,៥៨៨ដុល្លារ សម្រាប់ក្រុម​គ្រួសារនៃជនរង​គ្រោះម្នាក់ៗ ដែលបាន​​បាត់​បង់​​ជីវិត​ផងដែរ។

គួរជម្រាបថា ព្យុះស៉ីក្លូន Titli បានបោកបក់​ទៅលើរដ្ឋ Odisha និងជះឥទ្ធិពល​ដល់រដ្ឋក្បែរ​ខាង អាន់ដ្រា ប្រាដែស (Andhra Pradesh) កាលពីសប្តាហ៍មុន​ជាមួយកម្លាំង​ខ្យល់​ពី ​១៤០ ទៅ ១៦៥គីឡូម៉ែត្រ​មួយក្នុង​មួយម៉ោង ដោយបានបន្សល់​ទុកការខូចខាត​យ៉ាងធំធេង៕