(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​នៅថ្ងៃអង្គារសប្ដាហ៍នេះ បញ្ជូនយន្ដហោះ​ទម្លាក់គ្រាប់បែក B-52 ចំនួន ០២គ្រឿង ទៅហោះ​ឆ្វែលនៅក្បែរទីប្រជុំកោះ​ជម្លោះនៅក្នុងតំបន់​សមុទ្រចិន​ខាងត្បូង។ នេះបើតាម​កងកម្លាំងអាមេរិក​ប្រចាំតំបន់ ប៉ាស៊ីហ្វិក ដកស្រង់​ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

ថ្លែងប្រាប់ CNN កងកម្លាំង​អាមេរិកប្រចាំតំបន់​ប៉ាស៊ីហ្វិក បានបញ្ជាក់​យ៉ាងដូច្នេះថា «យន្ដហោះ​ទម្លាក់​គ្រាប់បែក B-52H ០២គ្រឿង​មកពីកោះ ហ្គាំ (Guam) បានធ្វើប្រតិបត្តិការហោះហើរ​ជាទម្លាប់នៅតំបន់សមុទ្រ​ចិនខាងត្បូង ហើយការ​ហោះហើរ នេះគឺជាផ្នែក​មួយនៃប្រតិបត្តិការបន្តវត្ត​មាន យន្ដហោះទម្លាក់​គ្រាប់បែក​របស់​ទីបញ្ជាការយោធា​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្ដើមតាំង​តែពី​ខែមីនា ឆ្នាំ២០០៤មក»

ក៏ប៉ុន្តែព្រមពេល​ជាមួយគ្នា មន្ទីរបញ្ចកោណមិនបាន​អះអាងថា យន្ដហោះទម្លាក់​គ្រាប់បែក B-52 ០២គ្រឿង​ខាងលើ ហោះនៅក្បែរកោះ​ណាមួយនៃតំបន់​សមុទ្រចិនខាងត្បូង​នោះទេ ខណៈភាពតាន​តឹងរវាងទីក្រុងប៉េកាំង និងទីក្រុង​វ៉ាស៊ីនតោន កំពុងកើនឡើង​នៅឯទី​ប្រជុំកោះ ស្ព្រាតលី (Spratly)។

ក៏ប៉ុន្តែ អ្វីដែលអាចនិយាយបាន​នោះ គឺការដឹកនាំ​ប្រតិបត្តិការហោះហើរនេះ ធ្វើឡើងនៅក្នុងបរិបទ​ដែលរដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បំពេញ​ទស្សនកិច្ចមកកាន់ប្រទេស​វៀតណាម ដែលជាភាគីជម្លោះ​មួយរបស់ចិន ក្នុងការទាមទារ​សិទ្ធិគ្រប់គ្រង លើតំបន់​សមុទ្រចិន​ខាងត្បូង។

គួរជម្រាបថា នេះមិនមែនជាលើកទី​១ឡើយ ហើយវាក៏នឹងមិនក្លាយ​ជាលើកចុងក្រោយដែរ​ ដែលយន្ដហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក ធ្វើប្រតិបត្តិការ​ហោះហើរនៅ​ឯតំបន់ជម្លោះ​សមុទ្រចិនខាងត្បូង ជាទីដែលចិន​អះអាងថា ជាកម្មសិទ្ធិ​របស់ខ្លួន និងតែងតែចាត់​ទុកថា សកម្មភាពយោធា​របស់អាមេរិកនៅក្នុងតំបន់​ជម្លោះនេះ គឺជាសកម្មភាព​បង្ករឿង និងបង្កភាពតាន​តឹងនៅ​ក្នុងតំបន់៕