(អ៉ីស្រាអែល)៖ បន្ទាប់ពីមាន​ការផ្លោងគ្រាប់រ៉ុក្កែត​ពីតំបន់ហ្គាហ្សា អ៉ីស្រាអែល​កំពុងគម្រោង​រៀបចំបើកប្រតិបត្តិការយោធា​ឆ្លើយតប​ទៅវិញ។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

ក្រោយពីរ៉ុក្កែតមួយគ្រាប់មកពី​​តំបន់ហ្គាហ្សាស្រ្ទីប (Gaza Strip) បានបាញ់ចំអគារ​មួយកន្លែង ក្នុងទីក្រុង ប៊ែអឺ ហ្សេវ៉ា (Be'er Sheva) ​នាយករដ្ឋ​មន្រ្តីអ៉ីស្រាអែល ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) រួមជាមួយរដ្ឋមន្រ្តីការពារជាតិ និងមន្រ្តី​កិច្ចការ​សន្តិសុខ​ឯទៀតៗ បានធ្វើការ​ពិភាក្សា​គ្នា​អំពី​​ការឆ្លើយតបផ្នែក​យោធាបក​ទៅវិញ។

គួរជម្រាបថា ក្នុងឱកាសនោះ​ប្រមុខការពារជាតិ​អ៉ីស្រាអែល​ លោក អាវីលដ័រ ឡៃប៊ឺមិន (Avigdor Liberman) បានព្យាយាមបញ្ចុះបញ្ចូល​​ឲ្យមានការ​បើក​ប្រតិបត្តិការយោធា ដើម្បីទប់ស្កាត់សកម្មភាពបង្ក​រឿងកាន់តែឡើង​ដៃថែមទៀត ពីតំបន់ហ្គាហ្សា បន្ទាប់ពីរូបលោក​ធ្លាប់អះអាង​ថា មានតែការវាយប្រហារ​យ៉ាងចាស់ដៃ​ទៅលើក្រុមហាម៉ាស់​ប៉ុណ្ណោះ ទើបអាចបញ្ចប់​អំពើហិង្សានៅព្រំដែ​នតំបន់ហ្គាហ្សា ហើយដោះ​ស្រាយ​ជម្លោះជាមួយ​ប៉ាឡេស្ទីន ដែលបានអូស​បន្លាយមករាប់​ទសវត្សរ៍បាន៕