(ម៉ូស្គូ)៖ ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត​ដឹកជញ្ជូនធុនស្រាល Rokot-2 របស់រុស្ស៊ី អាចនឹងត្រូវធ្វើឡើងម្ដងទៀតនៅឆ្នាំ២០២១ ជាមួយការរំពឹងថា អាចនឹងរកប្រាក់​ចំណូលប្រចាំឆ្នាំ ០៨ពាន់លាន​ rubles ឬ ១២០លានដុល្លារ បើសិនជា​ការសម្រេចចិត្តចាប់គំរោងនេះ​ឡើងវិញ ត្រូវបានធ្វើឡើង​នៅក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមប្រភព​ពីឧស្សហកម្ម​អវកាសរុស្ស៊ី ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

ប្រភពខាង​លើដដែល​បានបញ្ជាក់ប្រាប់ Sputnik យ៉ាងដូច្នេះថា «ការបាញ់បង្ហោះ Rokot-2 អាចនឹងត្រូវធ្វើ​ឡើងនៅឆ្នាំ​២០២១ បើសិនជាការសម្រេច​ចិត្តចាប់​ផ្ដើមគំរោង​បាញ់​បង្ហោះ​នេះ​​ឡើងវិញ ត្រូវបានធ្វើឡើង​ក្នុង​ឆ្នាំ២០១៨នេះ។ ម្យ៉ាងវិញ​ទៀត ប្រសិន​បើគំរោងនេះ​ធ្វើឡើងនៅក្នុង​ឆ្នាំនេះមែន ប្រាក់ចំណូក​ប្រចាំឆ្នាំនឹងកើនឡើងពី ០២ពាន់លាន rubles ក្នុងមួយឆ្នាំ ហើយពេលដែល​ការបាញ់បង្ហោះលើកដំបូងធ្វើឡើង នោះប្រាក់​ចំណូលអាចនឹង​កើនដល់ ៨.៨ពាន់លាន rubles នៅត្រឹម​ឆ្នាំ២០២៤-២០២៥»

គួរបញ្ជាក់ថា កាលពីខែសីហា ទីភ្នាក់ងារអវកាស​រុស្ស៊ី Roscosmos បានប្រកាសថា មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិកម្ម Khrunichev បានអភិវឌ្ឍ Rokot-2 ដោយបច្ចេកវិទ្យា​គ្រប់គ្រងរុស្ស៊ី។ ចំណែកឯ​ការវិនិយោគ​លើគំរោងខាង​លើត្រូវបានគេប៉ាន់ប្រមាណថា ត្រូវចំណាយប្រាក់ ០៤ពាន់លាន rubles៕