(វ៉ាស៊ីនតោន)៖ ម្ចាស់ភាគហ៊ុនធំចំនួន៤ នៅក្នុងក្រុមហ៊ុន Facebook បានស្នើក្រុមប្រឹក្សានាយក ដកនាយកប្រតិបត្តិ (​CEO) បច្ចុប្បន្ន លោក Mark Zuckerberg​ ចេញពីតំណែងជាប្រធានក្រុមហ៊ុន ជាមួយការរំពឹងថានឹងទទួលបាន ការគាំទ្រពីម្ចាស់ភាគហ៊ុន​ និងអ្នកវិនិយោគដទៃទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

ម្ចាស់ភាគហ៊ុនធំទាំង៤ខាងលើ មកពីរដ្ឋ Illinois, Rhode Island, Pennsylvania និង រដ្ឋ New York City បាន ដាក់សំណើដកតំណែង លោក Zuckerberg​ នៅថ្ងៃពុធសប្ដាហ៍នេះ។ ការលើកឡើងនូវសំណើនេះទៀតសោត ធ្វើឡើងនៅក្នុងបរិបទដែលក្រុមហ៊ុន Facebook កំពុងជាប់ផុងក្នុងរឿងអាស្រូវលេចធ្លាយព័ត៌មានឯកជនរបស់អ្នក ប្រើប្រាស់ ជាពិសេសក្រោយត្រូវក្រុម Hackers លុកលុយ ដែលធ្វើឱ្យភាគហ៊ុនក្រុមហ៊ុនយក្សមួយនេះធ្លាក់ចុះ ជាបន្តបន្ទាប់។

តែទោះជាយ៉ាងនេះក្ដី ម្ចាស់ភាគហ៊ុនទាំងនេះ អះអាងថាសំណើនេះនៅតែជាឯកសារមួយដើម្បីទាក់ទាញចំណាប់ អារម្មណ៍លើបញ្ហារបស់ Facebook និងពីរបៀបដោះស្រាយតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ការស្នើដកតំណែង លោក Zuckerberg គឺមានសង្ឃឹមតិចតួចណាស់ ដោយសារតែ CEO​​ រូបនេះ មានអំណាចធំក្នុងការបោះឆ្នោត សម្រេចនៅក្នុងក្រុមហ៊ុន Facebook ព្រមទាំងកំពុងកាន់កាប់ ៧៥ភាគរយនៃភាគហ៊ុនលំដាប់ B​ ពោលគឺមាន ភាគហ៊ុនច្រើនជាង១០ដង បើធៀបទៅនឹងម្ចាស់ភាគហ៊ុនដទៃ។

គួរបញ្ជាក់ថា ម្ចាស់ភាគហ៊ុនជាច្រើនកំពុងមានការព្រួយបារម្ភកាន់តែខ្លាំង ជុំវិញកំណើនប្រាក់ចំណូលយឺតយ៉ាវរបស់ ក្រុមហ៊ុន Facebook ក្រោយរងគ្រោះដោយការវាយប្រហារព័ត៌មានវិទ្យា និងការលេចធ្លាយព័ត៌មានឯកជនរបស់ អ្នកប្រើប្រាស់រាប់លាននាក់។ ចំណែកឯ អ្នកនាំពាក្យក្រុមហ៊ុន Facebook បានបដិសេធធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹង សំណើដកលោក Mark Zuckerberg ចេញពីតំណែង៕​