(ញ៉ូដេលី)៖ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Mobashar Jawed Akbar បានលាលែងពីតំណែង នៅថ្ងៃពុធ​សប្តាហ៍​នេះ ស្រប​ពេល​ដែលមានការចោទប្រកាន់ចំពោះរូបលោក ពីបទរំលោភផ្លូវភេទដោយស្ត្រីជាអ្នកសារព័ត៌មានជាច្រើននាក់។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ដោយសារព័ត៌មានចិន ស៊ីនហួ នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

​លោក Akbar បានឲ្យដឹងថានៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងប្រឆាំងចំពោះ «ការចោទប្រកាន់មិនពិត» ដែលធ្វើ​ឡើង​ចំពោះរូបលោក។ បន្ទាប់ពីមានការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ ពីសំណាក់ក្រុមស្ត្រីជាអ្នកសារព័ត៌មានជាច្រើនរូប ដែល​ធ្លាប់​បាន​​ធ្វើ​​ការជាមួយលោក កាលពីលោក នៅបម្រើការងារជាអ្នកនិពន្ធសារព័ត៌មាននោះ លោក ​Akbar បាន​ដាក់​ពាក្យ​បណ្តឹងពីបទ​​បរិហារកេរ្តិ៍តបទៅវិញ នៅតុលាការទីក្រុង Delhi ប្រឆាំងនឹងស្ត្រីម្នាក់ក្នុងចំណោមស្ត្រីអ្នកសារព័ត៌មានទាំងនោះ។

ស្របពេលនោះ បន្ទាប់ពីលោក Akbar បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ ប្រឆាំងនឹងស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីជាអ្នកសារព័ត៌មាន ដែលបានចោទប្រកាន់រូបលោក ពីបទរំលោភផ្លូវភេទ រយៈពេលជាច្រើនឆ្នាំមកហើយ មានស្ត្រីជាអ្នកសារព័ត៌មាន ប្រមាណ២០នាក់ ដែលធ្វើការនៅក្រោមលោក នៅកន្លែងផ្សេងគ្នា នាពេលនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា ពួកគេក៏ស្នើឲ្យតុលាការ ធ្វើការ​ពិចារណា លើភស្តុតាងនៃការបំពានផ្លូវភេទ លើរូបពួកគេ ដោយលោក Akbar និងអ្នកដទៃទៀត ដែលនឹងធ្វើជាសក្ខីភាពចំពោះ​ការ​រំលោភបំពានផ្លូវភេទ របស់លោក៕