(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបញ្ជាការ​កងទ័ពអាកាស​អ៊ុយក្រែន (UAF) បានបញ្ជាក់ថា នាយទាហាន​អាមេរិក និងអាកាសយានិក​អ៊ុយក្រែន​សរុបពីរនាក់ ​បានស្លាប់នៅក្នុងករណី​​ធ្លាក់យន្តហោះប្រភេទ Su-27 របស់ទ័ព​អាកាស​អ៊ុយក្រែន​​ផលិតដោយ​ក្រុមហ៊ុនរុស្ស៊ី នៅភាគ​កណ្តាលប្រទេស​អ៊ុយក្រែន៕

២៖ កងកម្លាំងឆ្មាំការពារ​បដិវត្តន៍នៃប្រទេសអ៉ីរ៉ង់ (IRGC) បាន​ប្រកាសថា ទីបំផុតមេខ្លោង​នៅពីក្រោយការវាយប្រហារ ដោយ​ភេរវកម្ម​​ដ៏​អាក្រក់កាលពីខែមុន នៅទីក្រុង អាវ៉ាស (Ahvaz) ភាគនិរតីអ៉ីរ៉ង់ ត្រូវបានកម្ចាត់​ចោលហើយ នៅឯប្រទេស​អ៉ីរ៉ាក់។

៣៖ ​ប្រទេសប៉ូឡូញនាថ្ងៃពុធនេះ បានចុះហត្ថលេខាលើកិច្ចសន្យា​មួយស្តីពីការផ្គត់ផ្គង់​​ឧស្ម័នធម្មជាតិក្នុង​ទម្រង់ជាសារធាតុរាវ (LNG) ប្រមាណ ០២លាន​តោន ជារៀងរាល់ឆ្នាំ​សម្រាប់រយៈពេល ២០ឆ្នាំ ពីសហរដ្ឋអាមេរិក៕

៤៖ ​ចំនួនមនុស្សស្លាប់​ដោយសារខ្យល់ព្យុះ​ហឺរីខិន ម៉ៃខឺល (Michael)​ នៅក្នុងសហរដ្ឋអាមេរិក​បានកើនឡើងដល់ ២៩នាក់​ហើយ ខណៈអាជ្ញាធរ​កំពុង​តាម​ស្វែងរកមនុស្ស​បាត់ខ្លួនជាង ១,៣០០នាក់៕

៥៖ ប្រធានក្រុមអ្នក​ស៊ើបអង្កេត នៃអង្គការ​សហប្រជាជាតិ (UN) ដែលចោទ​ប្រកាន់ថា យោធាមីយ៉ាន់ម៉ា​បានប្រព្រឹត្ត​អំពើប្រល័យ ពូជសាសន៍​ប្រឆាំងនឹងជនជាតិដើម​ភាគតិចរ៉ូហ៊ីងយ៉ា នឹងចូលខ្លួន​ធ្វើបទបង្ហាញ​នៅ​ចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុង​ខែតុលា​នេះ បន្ទាប់ពី​បារាំង អង់គេ្លស សហរដ្ឋអាមេរិក និងប្រទេសជា​សមាជិក ០៦ ផ្សេងទៀត ស្នើបើកកិច្ចប្រជុំ​ជាបន្ទាន់មួយ៕

៦៖ ប្រធានាធិបតីតួកគី​លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានថ្លែងថា ប្រទេសតួកគី​នឹង​អាចធ្វើការបង្កើនប្រតិបត្តិការ​​យោធា​របស់ខ្លួន នៅភាគខាងកើត​ប្រទេសស៊ីរី ដែលខ្លួនកំពុង​ដាក់មូលដ្ឋាន ដោយតួកគី​អះអាងថា វាជាការកសាង​សន្តិភាពសម្រាប់​តំបន់ទាំងមូល៕