(វ៉ាសូវី)៖ ប្រទេសប៉ូឡូញនាថ្ងៃពុធនេះ បានចុះហត្ថលេខាលើកិច្ចសន្យា​មួយស្តីពីការផ្គត់ផ្គង់​​ឧស្ម័នធម្មជាតិក្នុង​ទម្រង់ជាសារធាតុរាវ (LNG) ប្រមាណ ០២លាន​តោន ជារៀងរាល់ឆ្នាំ​សម្រាប់រយៈពេល ២០ឆ្នាំ ពីសហរដ្ឋអាមេរិក។ នេះបើ​តាម​ការ​​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី​សារព័ត៌​មាន​រុស្ស៉ី Sputnik នៅរសៀល​ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

ក្រុមហ៊ុនប្រេង និងឧស្ម័នប៉ូឡូញ PGNiG និងក្រុមហ៊ុន​ផលិតឧស្ម័នធម្មជាតិ​អាមេរិក Venture Global LNG បានចុះហត្ថលេខា​លើ​កិច្ចសន្យារយៈពេល ២០ឆ្នាំ សម្រាប់​ការផ្គត់ផ្គង់​​​ LNG ទម្ងន់ ០២លានតោនជារៀង​រាល់ឆ្នាំ (ស្មើនឹង ២.៧ពាន់លានម៉ែត្រគូប នៃ​ឧស្ម័ន​ធម្មជាតិ​​ធម្មតា​ជា​រៀង​រាល់​​ឆ្នាំ នៅពេលធ្វើឲ្យ​វាទៅទម្រង់​ឧស្ម័នវិញ)។

ប្រទេសប៉ូឡូញ​បានលើកឡើង ការទិញឧស្ម័នធម្មជាតិ​ពីសហរដ្ឋអាមេរិក នឹងមានតម្លៃថោកជាងការទិញពីរុស្ស៉ីជិត ​៣០​ភាគ​រយ ហើយជា​មួយគ្នានេះ វាក៏នឹងជួយ​បង្កើតអធិបតេយ្យភាព ក៏ដូចជាភាព​ប្រកួតប្រជែងរបស់​ប៉ូឡូញ​ផងដែរ។

គួរជម្រាបថា បច្ចុប្បន្ន​ក្រុមហ៊ុន PGNiG បាននិងកំពុងធ្វើការ​នាំចូលឧស្ម័ន​​រហូតដល់​១០ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំៗពី​ក្រុមហ៊ុ​ន​ Gazprom របស់​ប្រទេសរុស្ស៉ី ក្រោមកិច្ចសន្យា​រយៈពេលវែង ដែលនឹងផុត​កំណត់នៅ​ឆ្នាំ២០២២។ ការធ្វើរបស់​​អាមេរិក​នេះ គឺស្ថិតនៅក្នុងគោលដៅ​កាត់បន្ថយឥទ្ធិពលនៃវិស័យ​ថាមពលរុស្ស៊ី មកលើតំបន់​អឺរ៉ុប​ជាពិសេស គឺបណ្តាប្រទេសអឺរ៉ុបខាងកើតតែម្តង៕