(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា រុស្ស៊ីនឹងចាកចេញពី​ក្រុមប្រឹក្សា​អឺរ៉ុប (CoE) ដោយស្ម័គ្រចិត្ត បើសិនជា​ក្រុមអ្នកប្រឆាំង​ នៅតែបន្តទាមទារ​ឱ្យបណ្ដេញ​ទីក្រុងម៉ូស្គូ ចេញពី​ស្ថាប័នមួយនេះទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយ EuroNews នៅថ្ងៃអង្គារ​សប្ដាហ៍នេះ លោក Sergey Lavrov បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «បើសិនជាពួកគេចង់​បណ្ដេញរុស្ស៊ីចេញពីក្រុម​ប្រឹក្សាអឺរ៉ុប (CoE)... យើងនឹងដើរ​ចេញពីស្ថាប័ននេះ​ដោយស្ម័គ្រចិត្ត។ រុស្ស៊ីបាន​ចូលរួមជា​មួយ CoE ជាមួយទំនុកចិត្តថា ស្ថាប័ននេះអាច​ធានាបាននូវសមភាព​សកល និងលំហ​មនុស្សធម៌ ក៏ប៉ុន្តែលំហ​ទាំងនេះត្រូវបាន​បំផ្លាញ ដោយសារតែ​សកម្មភាពខុស​ច្បាប់ ដែលរំលោភលើ​ធម្មនុញរបស់​ខ្លួន»។ បន្ថែមពីលើនេះ លោក Lavrov ក៏បានបញ្ជាក់ដែរថា រុស្ស៊ី​ចូលរួមនៅក្នុង CoE ក៏ពិតមែនតែមិនបាន​ទទួលអ្វីដូចដែលបណ្ដា​ប្រទេសអឺរ៉ុបដទៃ​ទៀតនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ​ខែតុលា អគ្គលេខាធិការ CoE លោក ថបចន ហ្សាក់ឡេន (Thorbjorn Jagland) បាននិយាយថា CoE អាចនឹងបណ្ដេញ រុស្ស៊ីចេញពី​ស្ថាប័នមួយនេះ បើសិនជា​ទីក្រុងម៉ូស្គូមិនព្រមបង់វិភាគទាន សម្រាប់កញ្ចប់ថវិកា​នៃស្ថាប័នឡើងវិញ​ទេនោះ។ ដោយឡែក​កាលពីខែមេសា ឆ្នាំ២០១៤ សភានៃសភា​ក្រុមប្រឹក្សាអឺរ៉ុប (Parliamentary Assembly of the Council of Europe (PACE) ​បានអនុម័ត​លើដំណោះស្រាយ​មួយ ដោយដកហូត​សិទ្ធិរបស់ប្រតិភូរុស្ស៊ី​ ក្នុងការបោះឆ្នោត​លើបញ្ហាតំបន់​គ្រីមៀ។

ចំណែកឯ​រុស្ស៊ីបានសម្រេចចិត្ត​ចាកចេញពី PACE នៅចុង​ឆ្នាំ២០១៥ ជាមួយការអះអាងថា នឹងចូលជា​សមាជិកវិញ លុះត្រាតែរុស្ស៊ី​ទទួលបានសិទ្ធិបោះឆ្នោត​ឡើងវិញ។ មិនតែប៉ុណ្ណោះ​នៅឆ្នាំ២០១៧ ទីក្រុងម៉ូស្គូ បានសម្រេច​ចិត្តផ្អាកការផ្ដល់វិភាគទាន​ដល់ CoE បើទោះជាខ្លួន​នៅតែបន្តអនុវត្តន៍​តាមកាតព្វកិច្ច​នានា ក្រោម​អនុសញ្ញា CoE ក៏ដោយ៕