​(រីយ៉ាដ)៖ លុយមូល​និធិជំនួយ ១០០លានដុល្លារ របស់អារ៉ាប៊ីសាអូឌីត ដែលសន្យាផ្ដល់​ឱ្យរដ្ឋបាលប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ​ យកទៅប្រើប្រាស់​ក្នុងកិច្ចខិតខំ​ប្រឹងប្រែ​ងរក្សាស្ថេរភាពនៅតាមតំបន់​មួយចំនួន នៅក្នុង​ប្រទេសស៊ីរី​បានរត់ចូលក្នុង​គណនីធនាគារ​អាមេរិកហើយ នៅថ្ងៃអង្គារ​សប្ដាហ៍នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន New York Times នៅរសៀលថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

យោង​តាម New York Times លុយ ១០០លានដុល្លារ ត្រូវផ្ទេរចូល​គណនីធនាគារ​អាមេរិក​កាលពីថ្ងៃអង្គារ ពោលគឺចំ​ថ្ងៃតែមួយ​ដែល រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ធ្វើដំណើរទៅ​ដល់ទីក្រុង​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សា​ជាមួយមន្ត្រី​ជាន់ខ្ពស់​អារ៉ាប៊ីសាអូឌីត ជុំវិញការបាត់​ខ្លួនយ៉ាងអាថ៌កំបាំង​របស់អ្នកសារព័ត៌មាន​អារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខានហូកជី (Jamal Khashoggi) កាលពីជាងពីរ​សប្ដាហ៍មុន។

ការទទួលមូលនិធិជំនួយនេះ​ គឺជាជ័យជម្នះមួយរបស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយ​ការចំណាយលុយ ដ៏ច្រើនសន្ធឹកសន្ធាប់​​ទៅកាន់បរទេស ហើយព័ត៌មាននេះ​ត្រូវបានទទួលស្គាល់​ ដោយមន្ត្រីអាមេរិក​ម្នាក់​ថ្លែងបា្រប់​សារព័ត៌មាន New York Times ក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ។

ក៏ប៉ុន្តែ​អ្វីដែលគួរឱ្យកត់​សម្គាល់ ការទើបយល់ព្រមផ្តល់លុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងនៅក្នុង​បរិបទដែល​អារ៉ាប៊ីសាអូឌីត កំពុងរងសម្ពាធពីអន្តរជាតិ ជុំវិញការបាត់​ខ្លួន​របស់​លោក Khashoggi ដែលត្រូវបាន​ក្រុមមន្ត្រីតួកគីអះអាង​ថា លោកត្រូវ ទីភ្នាក់ងារ​ការស៊ើបការណ៍​សំងាត់​អារ៉ាប៊ីសាអូឌីត សម្លាប់នៅ​ក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​អ៊ីស្ដង់ប៊ូល​ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា។ តែទីក្រុង​រីយ៉ាដ​បាន​ច្រាន​ចោលការចោទ​ប្រកាន់នេះ ហើយសន្យាថា នឹងបង្កើនល្បឿន​ក្នុងការស៊ើប​អង្កេត។

គួរបញ្ជាក់ថា កាលពីខែសីហា​កន្លងទៅ អារ៉ាប៊ីសាអូឌីត​បានសន្យាផ្ដល់​មូលនិធិជំនួយ ១០០លានដុល្លារ ឱ្យរដ្ឋបាលលោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ យក​ទៅ​ប្រើប្រាស់​ក្នុងកិច្ចខិតខំប្រឹងប្រែង​​រក្សាស្ថេរភាព នៅតាមតំបន់មួយ​ចំនួននៅក្នុង​ប្រទេសស៊ីរី។ ក៏ប៉ុន្តែ​នៅពេលនោះ លុយទាំងនេះ​មិនត្រូវបានគេបញ្ជាក់ថា ត្រូវប្រគល់ឱ្យ​នៅពេលណា​នោះទេ តែវាស្រាប់​តែរត់ចូលគណនី​ធនាគារអាមេរិក ភ្លាមៗកាលពី​ថ្ងៃអង្គារ ក្រោយការ​មកដល់ទីក្រុង​រីយ៉ាដ​របស់លោក ប៉ុមប៉េអូ ដើម្បី​ពិភាក្សាជាមួយមន្ត្រីជាន់​ខ្ពស់​អារ៉ាប៊ីសាអូឌីត ជុំវិញការ​បាត់ខ្លួនយ៉ាង​អាថ៌កំបាំង របស់អ្នក​សារព័ត៌មាន​អារ៉ាប៊ីសាអូឌីត លោក Khashoggi៕