(អាមេរិក)៖ ​ចំនួនមនុស្សស្លាប់​ដោយសារខ្យល់ព្យុះ​ហឺរីខិន ម៉ៃខឺល (Michael)​ នៅក្នុងសហរដ្ឋអាមេរិក​បានកើនឡើងដល់ ២៩នាក់​ហើយ ខណៈអាជ្ញាធរ​កំពុង​តាម​ស្វែងរកមនុស្ស​បាត់ខ្លួនជាង ១,៣០០នាក់។ នេះបើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មាន CNN មនុស្ស ១៩នាក់ បានស្លាប់នៅក្នុងរដ្ឋផ្លូរីដា, ០៦នាក់នៅរដ្ឋវ៉ឺជីនៀ (Virgina), ០៣នាក់ នៅក្នុងរដ្ឋណតស៍ ខារ៉ូលីណា (North Carolina) និងម្នាក់នៅ​ក្នុងរដ្ឋហ្សកហ្ស៊ី (Georgia)។ លើសពីនេះទៅទៀត ខ្យល់ព្យុះដ៏​កំណាចនេះ ក៏បានបង្កឱ្យ​មនុស្សច្រើន​ជាង ១៥៨,០០០នាក់ ក្នុងនោះ ១៤០,០០០នាក់ នៅក្នុងរដ្ឋផ្លូរីដា​គ្មានអគ្គិសនី​ប្រើប្រាស់។ ចំណែកឯ​បុគ្គលិកជួយ​សង្រ្គោះ ១៦,០០០នាក់ និងយោធា ៨,០០០នាក់ កំពុងចូលរួម​ក្នុងប្រតិបត្តិការ​ជួយសង្រ្គោះ ស្របពេល​ទំហំខូចខាតត្រូវបាន​គេព្យាករណ៍ថា មានទំហំគិតជាទឹកប្រាក់ ៣០ពាន់លានដុល្លារ។

គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍មុន ព្យុះ Michael ក្នុងកម្រិតជា​ព្យុះហឺរិខិនកម្រិតទី ៤ ដែលមានកម្លាំងខ្យល់​ ២៥០គីឡូម៉ែត្រ​ក្នុងមួយម៉ោង បានបោកបក់​សង្រ្គប់ទៅលើ​ភាគពាយ័ព្យ​រដ្ឋផ្លូរីដា ដែលបានបង្កស្លាកស្នាមនៃការបំផ្លិចបំផ្លាញ​ និងភាពហិនហោចយ៉ាង​ធំធេង ជាពិសេស​នៅក្រុង​ម៉ិចស៊ីកូប៊ីច (Mexico Beach)។

ក្រោយមក​ព្យុះនេះបានថយចុះ​ឥទ្ធិពល និងបានវាយលុក​​ទៅលើរដ្ឋ ០៤ផ្សេងទៀត រួមមាន ហ្សកហ្ស៊ី (Georgia), សោតស៍ ខារ៉ូលីណា (South Carolina), ណតស៍ ខារ៉ូលីណា (North Carolina) និង វ៉ឺជីនៀ (Virgina) មុនពេលវាចេញផុត​ទៅកាន់មហាសមុទ្រ​អាត្លង់ទិច នៅប៉ុន្មានថ្ងៃក្រោយ៕