(វ៉ាស៊ីនតោន)៖ បណ្តាញ​សង្គម YouTube បាន​ដំណើរការជា​ធម្មតាឡើងវិញ​ហើយ បន្ទាប់ពី​បានជាប់គាំង (Error) ជាសកលនៅ​ព្រឹកថ្ងៃពុធ ហើយបណ្តាញ​សង្គមយក្ស​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រងរបស់​ក្រុមហ៊ុន Google មួយនេះ ក៏បានចេញមុខ​សុំទោស​អ្នក​ប្រើប្រាស់​ទាំងអស់ ដែលបានជួបប្រទះ​បញ្ហាដ៏កម្រកើតមានបំផុតនេះ​ផងដែរ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

កម្មវិធី YouTube ត្រូវបានអ្នកប្រើប្រាស់​រាយការណ៍ថា មានបញ្ហាបើកមិនចេញ (​Errors) ហើយបើទោះជាគេហទំព័រនៃបណ្ដាញ​ទំនាក់ទំនងសង្គមមួយនេះ នៅតែបើកចេញ​ក៏ដោយ ក៏ប៉ុន្តែអ្នកប្រើប្រាស់​ទាំងអស់មិនអាច​បើកមើល ឬឆែក Videos នានាឃើញនោះទេ ជាមួយ សារផ្ញើបញ្ជូនត្រឡប់​មកវិញឱ្យ «Error loading និង ព្យាយាមម្ដងទៀត»។

ចំណែកឯ​ក្រុមហ៊ុន YouTube ក៏បានសូមទោស និងទទួល​ស្គាល់បញ្ហានេះដែរ។ ម្យ៉ាងវិញទៀត បើតាមសេចក្ដីរាយការណ៍​របស់ Reuters បញ្ហាមិនដំណើរការនេះ​មានរយៈពេល ៩០នាទី ដោយធ្វើឱ្យ​ប៉ះពាល់ដល់ YouTube TV និង YouTube Music ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនយក្ស​មួយនេះ ដែលជាកម្មសិទ្ធិ​របស់ក្រុមហ៊ុន Google ​មិនបានបញ្ជាក់​លម្អិតថា Youtube ត្រូវបានគេ Hack ឬក៏មានបញ្ហាបច្ចេកទេស​អ្វីនោះទេ ឆ្លើយតបទៅនឹងសំណួរ​ពីអ្នកសារព័ត៌មាន។ បញ្ហា Error នេះត្រូវបានគេរាយការណ៍​ថា កើតឡើង​នៅក្នុងប្រទេសជាច្រើន​ដូចជា កម្ពុជា សហរដ្ឋអាមេរិក អូស្រ្ដាលី សិង្ហបុរី ម៉ាឡេស៊ី ថៃ ជប៉ុន និងអង់គ្លេស​ជាដើម៕