(ញូយ៉ក)៖ ប្រធានក្រុមអ្នក​ស៊ើបអង្កេត នៃអង្គការ​សហប្រជាជាតិ (UN) ដែលចោទ​ប្រកាន់ថា យោធាមីយ៉ាន់ម៉ា​បានប្រព្រឹត្ត​អំពើប្រល័យ ពូជសាសន៍​ប្រឆាំងនឹងជនជាតិដើម​ភាគតិចរ៉ូហ៊ីងយ៉ា នឹងចូលខ្លួន​ធ្វើបទបង្ហាញ​នៅ​ចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុង​ខែតុលា​នេះ បន្ទាប់ពី​បារាំង អង់គេ្លស សហរដ្ឋអាមេរិក និងប្រទេសជា​សមាជិក ០៦ ផ្សេងទៀត ស្នើបើកកិច្ចប្រជុំ​ជាបន្ទាន់មួយ។ នេះបើ​តាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។

ការស្នើបើកកិច្ច​ប្រជុំជាបន្ទាន់ខាងលើ កើតមានឡើង​នៅចំពេល​សហគមន៍អន្តរជាតិ​កំពុងដាក់សម្ពាធលើប្រទេស​មីយ៉ាន់ម៉ា ទទួលខុស ត្រូវចំពោះប្រតិបត្តិការ​យោធានៅឯភាគខាង​លិចរដ្ឋ រ៉ាឃីន (Rakhine) កាលពីឆ្នាំមុន ដែលបង្ខំឱ្យ​ជនជាតិរ៉ូហ៊ីងយ៉ា ៧០០,០០០នាក់ រត់ភៀស ខ្លួនទៅកាន់ព្រំដែន​ប្រទេសបង់ក្លាដែស និងរាប់ពាន់នាក់​បានស្លាប់។

ចំណែកឯ​ក្រុមអ្នកស៊ើប​អង្កេត UN បានស្នើឱ្យ​ក្រុមប្រឹក្សាសន្តិសុខបញ្ឈប់​ការលក់អាវុធ ដាក់ទណ្ឌកម្ម និងនាំយកអ្នក​ទទួលខុសត្រូវ លើការ​សម្លាប់រង្គាល​ជនជាតិរ៉ូហ៊ីងយ៉ាង ឡើងតុលាការ ព្រហ្មទណ្ឌ​អន្តជាតិ (ICC)។ ទោះបីជាយ៉ាងនេះក្តី ទាំងយោធា​មីយ៉ាន់ម៉ា និងរដ្ឋាភិបាល​របស់លោកស្រី អោងសាន ស៊ូជី បានបដិសេធ​រាល់ការ​ចោទប្រកាន់ ហើយ​អ្វីដែលពួកគេ​កំពុងធ្វើ គឺដើម្បីការពារជន​ស៊ីវិល និងរក្សាសន្តិសុខ​នៅក្នុងប្រទេសតែ​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា សំណើបើកកិច្ច​ប្រជុំជាបន្ទាន់ និងឱ្យប្រធានក្រុម​អ្នកស៊ើបអង្កេត UN ចូលខ្លួន​ស្រាយបំភ្លឺ ត្រូវបានចុះហត្ថលេខា​ដោយ​សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ០៩ ក្នុងចំណោម ១៥ មានដូចជា អង់គ្លេស បារាំង ហូឡង់ ស៊ុយអែត ប៉ូឡូញ ប៉េរូ គុយវ៉ែត កូឌូវ័រ និង​សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ​ទន្ទឹមគ្នានេះ ប្រភពការទូតជាច្រើន​រំពឹងថា ចិន និងរុស្ស៊ី អាចនឹងប្រើប្រាស់​សិទ្ធិវ៉េតូ​ (ជំទាស់) ដើម្បីការពារមីយ៉ាន់ម៉ា​ពីការថ្កោលទោស និងទណ្ឌកម្ម​អន្តរជាតិ ដូចដែលប្រទេស​ទាំងពីរធ្លាប់​បានធ្វើនាពេល​កន្លងមក៕